មិនទាន់គិតពីកាកសំណល់ការដ្ឋានសំណង់ផង ក្រុងព្រះសីហនុសំរាមមានពី ៤០០ទៅ៥០០តោនក្នុងមួយថ្ងៃ

0

ភ្នំពេញ៖ លោក ជាវ វិជ្ជាក់ អភិបាលរងខេត្តព្រះសីហនុ បានលើកឡើងថា ក្នុងក្រុងព្រះសីហនុមានសំរាមនាពេលបច្ចុប្បន្នចាប់ពី ៤០០ ទៅ ៥០០ តោនក្នុងមួយថ្ងៃ ដោយមិនទាន់គិតពីកាកសំណល់ការដ្ឋានសំណង់ផ្សេងៗទៀតឡើយ។

ក្នុងជំនួបពិភាក្សាការងារជាមួយលោកស្រី Katelijn Van Den Berg អ្នកឯកទេសជាន់ខ្ពស់ផ្នែកបរិស្ថាន និងជាប្រធានក្រុមការងារប្រឹក្សាយោបល់នៃវិទ្យាស្ថានឧស្សាហកម្មបរិស្ថាន និងបច្ចេកវិទ្យា នៃសាធារណរដ្ឋកូរ៉េ KEITI កាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៩ លោកជាវ វិជ្ជាក់ បានឲ្យដឹងថា ដោយសារតែកំណើននៃកាវិនិយោគនាពេលបច្ចុប្បន្នយ៉ាងគំហ៊ុកធ្វើឲ្យសំរាមក៏មានការកើនឡើងដែលជាកង្វល់របស់រដ្ឋបាលខេត្ត ក៏ដូចជារាជរដ្ឋាភិបាល ដែលកំពុងគិតគូរដោះស្រាយបញ្ហាប្រឈមនាពេលបច្ចុប្បន្ន ។

លោកបន្តថា “ក្រុងព្រះសីហនុមាន៦សង្កាត់ ប្រជាពលរដ្ឋមានចំនួន ៧៥.២១០នាក់ ស្ថិតិឆ្នាំ ២០១៨ និងមានជនបរទេស (ចិន) ប្រមាណ ៤០.០០០នាក់ ហើយសំរាមនាពេលបច្ចុប្បន្នមានពី ៤០០ ទៅ ៥០០ តោនក្នុងមួយថ្ងៃ នេះមិនទាន់គិតពីកាកសំណល់ការដ្ឋានសំណង់” ៕