គ្រឿងញៀនប្រុងហក់ឆ័ត្រឆ្លងដែនជិត២០គីឡូក្រាមត្រូវបានបង្រ្កាប

0

ភ្នំពេញ៖កម្លាំងនគរបាលវរៈការពារព្រំដែនលេខ៦១១នៃស្នងការនគរបាលខេត្តស្វាយរៀងធ្វើការបង្ក្រាបគ្រឿងញៀនទម្ងន់ ១៧គីឡូក្រាមកាលពីវេលាម៉ោងប្រមាណ៨យប់ ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៩ នៅចន្លោះព្រំដែនកម្ពុជា-វៀតណាម ក្បែរនឹងច្រកអន្តរជាតិបាវិត ប៉ុន្តែគួរឲ្យសោកស្តាយ ជនសង្ស័យបានរត់គេចខ្លួនបាត់។

បើតាមសមត្ថកិច្ចនគរបាលខេត្តស្វាយរៀងបានឲ្យដឹងថាកម្លាំងនគរបាលការពារព្រំដែនលេខ៦១១ ចេញល្បាតតាមខ្សែក្រវ៉ាត់ព្រំដែនត្រង់ចំណុចបង្គោលព្រំដែនលេខ១៧០ ស្លាបខាងឆ្វេងច្រកទ្វារអន្តរជាតិបាវិត ក៏បានជួបនឹងជនសង្ស័យម្នាក់ដើរកាត់វាលស្រែក្បែរចំការប្រេងខ្យល់ ដោយមានយួរវ៉ាលីធំមួយ, ដោយមានការសង្ស័យ សមត្ថកិច្ចក៏បានហៅឲ្យឈប់ដើម្បីសួរនាំ តែជនសង្ស័យបានទម្លាក់វ៉ាលីសនោះចោល ហើយរត់គេចខ្លួនចូលចម្ការប្រេងខ្យល់បាត់។
ក្រោយធ្វើការត្រួតពិនិត្យឆែកឆេរវ៉ាលីសនោះ សមត្ថកិច្ចបានរកឃើញម្សៅក្រាមពណ៌សថ្លា ដែលសង្ស័យថាជាគ្រឿងញៀនប្រភេទអំហ្វេតាមីនចំនួន១៧ដុំ ដែលស្មើនឹងប្រមាណ១៧គីឡូក្រាម។

ប្រភពបានឲ្យដឹងទៀតថា ករណីនេះ ជនសង្ស័យប្រុងនាំយកគ្រឿងញៀនទៅកាន់ប្រទេសវៀតណាម តែនៅពេលសមត្ថកិច្ចហៅឃាត់សួរ ជនសង្ស័យភ័យក៏រត់បាត់ទៅ។ តែយ៉ាងណាក៏ដោយ ពេលនេះលោកកំពុងទាក់ទងធ្វើការជាមួយភាគីវៀតណាម ធ្វើការងារលើករណីនេះ ដើម្បីស្រាវជ្រាវរកមុខសញ្ញាពាក់ព័ន្ធ។
បច្ចុប្បន្នវត្ថុតាងគ្រឿងញៀនទម្ងន់១៧គីឡូក្រាម កំពុងត្រូវរក្សាទុកនៅប៉ុស្តិ៍ព្រំដែនធ្លក ដើម្បីរៀបចំតាមនីតិវិធី នាំយកទៅកាន់ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង៕