ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញបានធ្វើការណែនាំឲ្យប្រជាពលរដ្ឋ បញ្ចេញសំរាមរបស់ខ្លួនឲ្យបានត្រឹមត្រូវ តាមពេលម៉ោងដែលអាជ្ញាធរបានកំណត់និង ត្រូវវេចខ្ចប់ទុកដាក់សំរាម សំណល់រឹងដែលអាចបង្កគ្រោះថ្នាក់ឲ្យបានត្រឹមត្រូវដើម្បីជៀសវាងបង្កគ្រោះថ្នាក់ដល់អ្នកប្រមូលសំរាមហើយចំពោះអ្នកទុកដាក់សំរាមមិនត្រឹមត្រូវនឹងទទួលការផាកពិន័យ ព្រមទាំងប្រឈមការបិទអាជីវកម្ម ។
សេចក្ដីណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញកាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៩បានឲ្យដឹងថា “ដើម្បីដោះស្រាយបញ្ហាទាំងនេះប្រជាពលរដ្ឋ ត្រូវបញ្ចេញសំរាមរបស់ខ្លួនឲ្យបានត្រឹមត្រូវ តាមពេលម៉ោងដែលអាជ្ញាធរបានកំណត់ និងត្រូវវេចខ្ចប់និងទុកដាក់សំរាម សំណល់រឹងដែលអាចបង្កគ្រោះថ្នាក់ដូចជា អំបែងកែវ ដប កញ្ចក់ ម្ជុលនិងវត្ថុបង្កគ្រោះថ្នាក់ផ្សេងទៀត ចូលទៅក្នុងថង់ពណ៌ក្រហម ឬធ្វើជាសញ្ញាសម្គាល់ ដើម្បីបញ្ជាក់ប្រាប់ដល់កម្មករ ប្រមូលសំរាមឲ្យមានការប្រុងប្រយ័ត្ន”។
វិធានការរបស់រដ្ឋបាលរាជធានីភ្នំពេញក្រោយសង្កេតឃើញថាកន្លងមានប្រជាពលរដ្ឋ និងម្ចាស់អាជីវកម្មមួយចំនួនបានបញ្ចេញសំរាម-សំណល់ រឹងរបស់ខ្លួនមិនបានត្រឹមត្រូវតាមម៉ោងពេលកំណត់ ធ្វើឲ្យមានសំរាមសេសសល់រាយប៉ាយតាមដងផ្លូវ ទីសាធារណៈ និងដីឡូត៍ទំនេរ ប៉ះពាល់ដល់បរិស្ថាន សុខភាពប្រជាពលរដ្ឋ និងបាត់បង់សោភណភាពនិង មួយចំនួនទៀតមិនបានវេចខ្ចប់ ទុកដាក់សំរាម សំណល់រឹងរបស់ខ្លួនឲ្យបានត្រឹមត្រូវ ដោយបានដាក់សំរាម សំណល់រឹងលាយលំគ្នាក្នុងស្បោងតែមួយ មានដូចជា អំបែងកែវ ដប កញ្ចក់បាក់បែក ម្ជុលចាក់ថ្នាំ និងវត្ថុបង្កគ្រោះថ្នាក់ផ្សេងទៀត ជាមួយសំណល់ផ្ទះបាយ បង្កឲ្យមានគ្រោះថ្នាក់ របួស មុតដៃកម្មករប្រមូលសំរាម នៅពេលបំពេញការងារ៕