រដ្ឋមន្រ្តីបរិស្ថានគាំទ្រឱ្យបង្កើតមជ្ឈមណ្ឌលបង្កាត់ពូជដំរីនៅកម្ពុជា

0

ភ្នំពេញ៖ នៅក្នុងជំនួបជាមួយលោកស្រី ចិន្តា ក្លេ ប្រធានសមាគមអភិរក្សដំរីខ្មែរអៃរាវត្តា នាទីស្តីការក្រសួង កាលពីថ្ងៃទី១០ខែមិថុនា ឆ្នាំ២០១៩ លោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានគាំទ្រដល់សមាគមអភិរក្សដំរីខ្មែរអៃរាវត្តាបង្កើតជាមជ្ឈមណ្ឌលបង្កាត់ពូជដំរីនៅកម្ពុជា ។នេះបើយោងតាមAKP។

ប្រភពព័ត៌មានពីក្រសួងបរិស្ថានបានឱ្យដឹងបន្តថា សមាគមអភិរក្សដំរីខ្មែរអៃរាវត្តាដែលមានទីតាំងក្នុងខេត្តរតនគិរី បង្កើតជាមជ្ឈមណ្ឌលបង្កាត់ពូជដំរីដើម្បីធ្វើការអភិរក្សនិងបង្កើនចំនួនដំរីនៅកម្ពុជា។ស្ថិតនៅចម្ងាយតែពីរគីឡូម៉ែត្រពីក្រុងបានឡុង តំបន់អភិរក្សដំរីអៃរាវត្តា សត្វដំរីចំនួន៤ក្បាលកំពុងទទួលបានថែទាំ និងអភិរក្សដោយសមាគម ផ្ដល់ចំណី និងថែទាំដំរីក្នុងជម្រកព្រៃធម្មជាតិ ព្រៃសហគមន៍ទំហំ ៣០០ហិកតា និងបន្ថែមដោយផ្ទៃដីកសិកម្ម ៦០ហិកតា។

លោក សាយ សំអាល់ បានបញ្ជាក់ថា ក្រសួងបរិស្ថាន នឹងពិនិត្យលើការសហការគាំទ្រទាំងស្មារតី និងបច្ចេកទេស ដើម្បីជួយឱ្យសមាគមមានលទ្ធភាព និងគុណភាពក្នុងការបង្កើនពូជដំរីឱ្យបានច្រើន ដែលជាការរួមចំណែកដល់ការការពារ និងអភិរក្សធនធានធម្មជាតិនៅកម្ពុជា៕