ភ្នំពេញ ៖ ប្តីប្រពន្ធមួយគូក្រោយពីប្រាប់ក្រុមគ្រួសារថាទៅដកលុយថ្លៃលក់ដីពីគណនី នៅធនាគាររួចមក ក៏បាត់ដំណឹងមិនអាចទំនាក់ទំនងបានដោយគ្មានមូលហេតុ ចាប់តាំងពីពីថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៩ ។
អគ្គស្នងការនគរបាលជាតិបានឲ្យដឹងថាប្តីប្រពន្ធដែលបាត់ខ្លួនមានឈ្មោះ ហ៊ិន ភានិត ភេទប្រុស អាយុ២៥ឆ្នាំ(ប្តី) ប្រឡងជាប់ក្របខ័ណ្ឌមន្ត្រីនគរបាលជាតិ អង្គភាព នាយកដ្ឋានសរុបផែនការ មានទីលំនៅផ្ទះលេខ១១៧E3Z ផ្លូវលេខ១៣៦ ភូមិ២ សង្កាត់ផ្សារកណ្តាលទី២ ខណ្ឌដូនពេញ និងស្ត្រីជាប្រពន្ធឈ្មោះ លី ចន្ធូ អាយុ២៧ឆ្នាំ ស្នាក់នៅជាមួយគ្នា ។
តាមប្រភពពីក្រុមគ្រួសារ បានប្រាប់សមត្ថកិច្ចថា មុនពេលកើតហេតុ គឺនៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោង៨និង០០នាទី ទាំងពីរនាក់ប្តីប្រពន្ធបានប្រាប់ថា ពួកគេទៅដកលុយនៅធនាគារ ABA សាខាទួលគោក លុយគេវេចូលកុងថ្លៃលក់ដី ។ ពេលនោះក្រុមគ្រួសារ នៅទាក់ទងគ្នាតាមទូរស័ព្ទបានធម្មតា រហូតដល់ម៉ោង១៤និង០០នាទី ក៏ទាក់ទងតាមទូរស័ព្ទលែងបានតែម្តង ។
ប្រភពខាងលើបានបន្តថា ចាប់តាំងពីថ្ងៃបាត់ខ្លួន(០៣.០៦.២០១៩) រហូតមកដល់ពេលនេះ គឺគ្មានព័ត៌មានពីពួកគេ(ប្តីប្រពន្ធដែលបាត់ខ្លួន)ទាំងពីរនាក់នេះទេ និងទូរស័ព្ទក៏មិនអាចទាក់ទងបានដែរ ៕