ភ្នំពេញ ៖ កម្លាំងជំនាញ”ក៩” នៃមន្ទីរប្រឆាំងគ្រឿងញៀន បានបើកកិច្ចប្រតិបត្តិការបង្ក្រាប ករណីជួញដូរគ្រឿងឆ្លងដែនខុសច្បាប់ ឃាត់ខ្លួនជនសង្ស័យ៣នាក់(ស្រី១)បន្ថែមទៀត ដែលជាខ្សែបណ្តាញក្រុមជនល្មើស ។
ប្រតិបត្តិការនេះបានធ្វើនៅវេលាម៉ោង ១៨និង៤០នាទី ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៩ នៅចំណុចខាងមុខប្រៃសណីយ៍ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។ ក្នុងនោះ សមត្ថកិច្ចដកហូតថ្នាំញៀនប្រភេទម៉េតំហ្វេតាមីនICE ទម្ងន់ប្រមាណជាង ២០០០ក្រាម។
សមត្ថកិច្ចបានឲ្យដឹងថា មេខ្លោងធំជួញដូរគ្រឿងញៀននៅប្រទេសឡាវ(មិនស្គាល់ឈ្មោះ) បានបញ្ជូនគ្រឿងញៀនជាបន្តបន្ទាប់ មកឲ្យឈ្មោះ វង្ស សុខន ភេទស្រី (ចាប់ខ្លួន) នៅខេត្តស្ទឹងត្រែង ។ បន្ទាប់មកឈ្មោះ វង្ស សុខន ភេទស្រី “មេក្លោងនៅស្ទឹងត្រែង” បានដឹកជញ្ជូនគ្រឿងញៀន យកមកលក់អោយឈ្មោះ សៅ សំណាង ភេទប្រុស “មេខ្លោងនៅភ្នំពេញ” ដោយប្រគល់នៅចំណតរថយន្តនៅមុខពេទ្យកាល់ម៉ែត) ក្នុង១លើកៗពី២គីឡូក្រាមទៅ ១០គីឡូក្រាម ។ រួចហើយឈ្មោះ សៅ សំណាង បានបញ្ជាបែងចែកជួញដូរថ្នាំញៀននេះ សម្រាប់រាជធានីភ្នំពេញ និងទៅខេត្តកំពង់ស្ពឺ និងតាកែវ ដោយ ៖
១-នៅរាជធានីភ្នំពេញ
-ឈ្មោះ ផន ពិសី ប្រពន្ធរបស់ឈ្មោះ សៅ សំណាង (ចាប់ខ្លួនដកហូតថ្នាំញៀនជាង ១០០០ ក្រាមនៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៨)។
– ឈ្មោះ ហ៊ីម ពៅ ភេទស្រី និងឈ្មោះ ហ៊ីម ជុ ភេទស្រី (ចាប់ខ្លួន ដកហូតបានថ្នាំញៀន ៧០០០ក្រាម នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៩)។
២- នៅខេត្តកំពង់ស្ពឺ និងតាកែវ ៖
– ឈ្មោះ សោម សារ៉ាវ័ន្ត ភេទប្រុស (ចាប់ខ្លួនជាមួយឈ្មោះសៅ សំណាង និងឈ្មោះ វង្ស លី ដកហូតថ្នាំញៀនជាង ២០០០ ក្រាម នៅថ្ងៃទី៤ខែមិថុនាឆ្នាំ២០១៩)។ជនសង្ស័យ និងវត្ថុតាង កម្លាំងជំនាញកសាងសំណុំរឿងអនុវត្តតាមនីតិវិធី ៕