រដ្ឋមន្ដ្រីបរិស្ថានថាគម្រោងអភិវឌ្ឍន៍នៅខេត្តព្រះសីហនុមិនប៉ះពាល់បរិស្ថាននោះទេ

0

ភ្នំពេញ ៖ ស្របពេលដែលខេត្តព្រះសីហនុកំពុងទទួលបានការអភិវឌ្ឍយ៉ាងគំហុកពីវិនិយោគិនចិន លោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានបញ្ជាក់ថា កម្ពុជាបានគិតគូរទៅលើការអភិវឌ្ឍប្រកបដោយនិរន្តរភាព ដោយធ្វើយ៉ាងណាមិនធ្វើឲ្យប៉ះពាល់ដល់បរិស្ថាន ជាពិសេស នៅខេត្តព្រះសីហនុ ព្រោះគម្រោងអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព។

ក្នុងជំនួបពិភាក្សាការងារជាមួយលោក Oh Nak Young ឯកអគ្គរដ្ឋទូតកូរ៉េប្រចាំកម្ពុជា នៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៩ លោក សាយ សំអាល់ បានថ្លែងថា កម្ពុជាមានការផ្លាស់ប្តូរ និងរីកចម្រើនយ៉ាងខ្លាំងទាំងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ ជាមួយសុខសន្តិភាព ដូច្នេះព្រះសីហនុកំពុងមានសន្ទុះក្នុងការអភិវឌ្ឍជាខ្លាំង ជាពិសេស លើផ្នែកហេដ្ឋារចនាសម្ព័ន្ធ។
រដ្ឋមន្ដ្រីបរិស្ថាន មានប្រសាសន៍ថា “កម្ពុជាបានគិតគូរលើការអភិវឌ្ឍប្រកបដោយនិរន្តរភាព មិនបង្កឲ្យមានផលប៉ះពាល់ដល់បរិស្ថាន ដូចជានៅខេត្តព្រះសីហនុ គម្រោងអភិវឌ្ឍន៍ដោយនិរន្តរភាព គឺផ្តោតលើការការផ្គត់ផ្គង់ទឹកស្អាត អគ្គិសនីគ្រប់គ្រាន់ មានផ្លូវថ្នល់ល្អ ជាទីក្រុងស្អាត ប្រជាពលរដ្ឋរស់នៅ មានសុខភាពល្អ”៕