ឃាតករ​រំលោភសម្លាប់​ក្មេង​២​នាក់​យ៉ាងព្រៃផ្សៃ នៅ​ស្រុក​ព្រៃ​នប់​ ត្រូវ​ចោទប្រកាន់២​បទល្មើស​

0

ភ្នំពេញ​៖​ ជនល្មើស​ឈ្មោះ​ មៀង​ វិចិត្រ​ ដែល​ជាប់​សង្ស័យ​ករណី​ឃាតកម្ម​ រំលោភ​សម្លាប់​ក្មេង២នាក់នៅ​ភូមិ​គគីរ​ ឃុំ​បិត​ត្រាំ​ង​ ស្រុក​ព្រៃ​នប់​ ខេត្ត​ព្រះ​សីហ​នុ​ ត្រូវ​បាន​តំណាង​អយ្យការ​ចោទប្រកាន់​ជា​ផ្លូវការ​តាម​ដីកា​សន្និដ្ឋាន​បញ្ជូន​រឿង​អោយ​ស៊ើបសួរ​ចំនួន​ ២​បទល្មើស​គឺ​ទី​១-​បទ​ឃាតកម្ម​មាន​ស្ថាន​ទម្ងន់ទោស​ទាក់ទង​នឹង​ជន​រង​គ្រោះ​ មាត្រា​២០២​ ចំណុច​ទី​១​ នៃ​ក្រមព្រហ្មទណ្ឌ​ និង​ទី​២-​បទ​ឃាតកម្ម​ដោយ​មាន​ទារុណកម្ម​ អំពើ​ឃោរឃៅ​ ឬ​អំពើ​រំលោភ​សេពសន្ថវៈ​មាត្រា​២០៥​ នៃ​ក្រមព្រហ្មទណ្ឌ​។​

​លោក​ឧត្តមសេនីយ៍ទោ​ ជួន​ ណា​រិ​ន្ទ​ ស្នងការ​នគរបាល​ខេត្ត​ព្រះ​សីហ​នុ​ បានឱ្យ​ដឹង​នៅ​រសៀល​ថ្ងៃ​ទី​៤​ ខែមិថុនា​ ឆ្នាំ​២០១៩​នេះ​ថា​ កម្លាំង​ជំនាញ​ខេត្ត​បាន​បញ្ជូន​ជនសង្ស័យ​ម្នាក់​ទៅ​តុលាការ​ដើម្បី​ចាត់ការ​តាម​នីតិវិធី​ ពាក់ព័ន្ធ​ករណី​រំលោភ​សម្លាប់​ក្មេង​២​នាក់​ កាលពី​កន្លង​មក​។​
​ជនសង្ស័យ​ទាំង​២​នាក់​ ត្រូវ​បាន​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ​ សហការ​ជាមួយ​កម្លាំង​នគរបាល​ខេត្ត​ព្រះ​សីហ​នុ​ នគរបាល​ខេត្តព្រៃវែង​ និង​អង្គការ​CPU​ ឃាត់ខ្លួន​នៅ​ថ្ងៃ​ទី​២​ ខែមិថុនា​ ឆ្នាំ​២០១៩​ នៅ​ស្រុក​មេ​សាង​ ខេត្តព្រៃវែង​។​

​លោក​ឧត្តមសេនីយ៍ទោ​ស្នងការ​ បានឱ្យ​ដឹង​ថា​បន្ត​ថា​ ជនសង្ស័យ​ឈ្មោះ​ មាង​ វិ​ចិត្ត​ អាយុ​២៦​ឆ្នាំ​ នៅ​ភូមិ​គ្រើល​ ឃុំ​រំដេង​ ស្រុក​មេ​សាង​ ខេត្តព្រៃវែង​។​
​សូម​រំលឹក​ថាឃាតកម្ម​ដ៏​ព្រៃផ្សៃ​នេះ​បង្ក​ឡើង​ដោយ​ជនល្មើស​ចាប់រំលោភ​កុមារី​ អាយុ​ជាង​១០​ឆ្នាំ​ បន្ទាប់​មក​ធ្វើ​សកម្មភាព​សម្លាប់​ទាំង​កុមារី​ និង​កុមារ​ជា​ប្អូន​អាយុ​ប្រ​ហល​៣​ឆ្នាំ​ដែល​កំពុង​ដេក​នៅ​ក្នុងផ្ទះ​ជាមួយ​គ្នា​។​
​ក្មេង​ប្រុស​ជា​ប្អូន​បាន​ស្លាប់​ភ្លាមៗ​នៅ​ក្នុងផ្ទះ​ ហើយ​ក្មេង​ស្រី​ជា​បង​ត្រូវ​បាន​ក្រុម​គ្រួសារ​ព្យាយាម​ដឹក​ មក​សង្គ្រោះ​រហូត​ដល់​រាជធានី​ភ្នំពេញ​ តែ​មិន​អាច​ជួយ​សង្គ្រោះ​ជីវិត​ និង​បាន​ស្លាប់​បាត់បង់​ជីវិត​នៅ​លើ​រថយន្ត​វេលា​ម៉ោង​ ៨​យប់​ថ្ងៃ​ដដែល​នោះ​។​ កុមា​រា​រង​គ្រោះ​មានឈ្មោះ​ ផា​ សុខ​លី​ អាយុ​២​ឆ្នាំ​ និង​កុមារី​ជា​បង​មានឈ្មោះ​ ផា​ ស្រី​ល័​ក្ខ​ អាយុ​១០​ឆ្នាំ​ ៕