ជនជាតិចិនបើករថយន្តបុករ៉ឺម៉កកង់៣ បណ្តាលឲ្យបុរសម្នាក់រងរបួសធ្ងន់ពេលសមត្ថកិច្ចឆែរឆេរ ស្រាប់តែឃើញគ្រឿងញៀនជាង៦គីឡូក្រាមទៅវិញ

0

ភ្នំពេញ៖សមត្ថកិច្ចបានឃាត់ខ្លួនបុរសជនជាតិចិនម្នាក់កាលពីរសៀលថ្ងៃទី៣ ខែមិថុនានៅសង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ ទល់មុខរោងកុនលុច្សក្រោយពីបើករថយន្តបុករ៉ឺម៉កកង់៣បណ្តាលអោយបុរសម្នាក់រងរបួសធ្ងន់ប៉ុន្តែនៅពេលសមត្ថកិច្ចចុះឆែរឆេរបែរជារកឃើញគ្រឿងញៀនជាង១ម៉ឺនគ្រាប់ ទម្ងន់ជាង៦គីឡូក្រាមទៅវិញ ។

របាយការណ៍ពីសមត្ថកិច្ចបញ្ជាក់ថា មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ បង្កឡើងដោយរថយន្តម៉ាក LEXUS ធុនកណ្តាល ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ 2AW-4332 បានបើកទៅបុកម៉ូតូកង់បីមួយគ្រឿងបណ្តាលឲ្យបុរសម្នាក់របួសធ្ងន់ ហើយព្យាយាមបើករត់គេច ។ ភ្លាមនោះកម្លាំងសមត្ថកិច្ចបានអន្តរាគមន៍ ដោយបានឃាត់ខ្លួនជនបង្កជាជនជាតិចិន ឈ្មោះ អៅ មីង ភេទប្រុស អាយុ៣០ឆ្នាំ ព្រមទាំងរថយន្តផងដែរ ។
ក្រោយពីបានធ្វើការត្រួតពិនិត្យ សមត្ថកិច្ចឃើញនៅក្នុងរថយន្តរបស់ជនបង្កមានការបូបយួរមួយ ។ ក្នុងនោះមានកញ្ចប់កាហ្វេចំនួន៦ដុំ ដោយមានការសង្ស័យសមត្ថកិច្ចបានហែកមើលឃើញមានថ្នាំគ្រាប់ពណ៌ទឹកសមុទ្រ រូបតុក្កតា សញ្ញាក្បាលខ្មោចច្រើនគ្រាប់ សង្ស័យជាសារធាតុញៀន ។
ភ្លាមនោះសមត្ថកិច្ចបានសហការជាមួយការិយាល័យប្រឆាំងគ្រឿងញៀនដើម្បីធ្វើតេស្ត និងជាលទ្ធផលបង្ហាញអោយឃើញថា ជាថ្នាំញៀនប្រភេទ M.A /M.D (អិចស្រ្តាស៊ី) ថ្នាំគ្រវី ។ ក្រោយមកសមត្ថកិច្ចបានសួរចម្លើយនិងពន្លាតដែនសមត្ថកិច្ចបន្តធ្វើការឆែកឆេរដល់លំនៅដ្ឋានជនសង្ស័យស្ថិតនៅខណ្ឌច្បារអំពៅ ។

កិច្ចប្រតិបត្តិការបន្តនេះដោយមិនមានលទ្ធផលរុករកឃើញអ្វី និងការស្តាប់ចម្លើយសារភាព ជនសង្ស័យមិនបានប្រាប់អំពីបក្ខពួកទេ ទើបសមត្ថិច្ចបានធ្វើកំណត់ហេតុនៃការឆែកឆេរ ព្រមទាំងដកហូតថ្នាំញៀនប្រភេទអិចស្តាស៊ីចំនួន ១១,៦៨០គ្រាប់ ទម្ងន់ជាង៦គីឡូក្រាម ។ សមត្ថកិច្ចកំពុងជំរុញនូវវិធានការជំនាញសួរចម្លើយដើម្បីបន្តយកបក្ខពួកនិងវត្ថុតាងបន្ថែមទៀត៕