តើក្រសួងសុខាភិបាលណែនាំអ្វីខ្លះដល់ពលរដ្ឋដើម្បីត្រៀម និងឆ្លើយតបនៅពេលមានគ្រោះទឹកជំនន់ ?

0

ភ្នំពេញ ៖ លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល អំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់ត្រូវចូលរួមអនុវត្តតាម ការណែនាំរបស់ក្រសួង មុនពេលទឹកជំនន់ និងកំឡុងពេលមានទឹកជំនន់ជាដើមដើម្បីកាត់បន្ថយឲ្យបានជាអតិបរិមានូវផលប៉ះពាល់សុខភាព អាយុជីវិតជនរងគ្រោះ និងមូលដ្ឋានសុខាភិបាលពីគ្រោះធម្មជាតិ ពិសេសគ្រោះទឹកជំនន់ ដែលអាចកើតមាននាពេលខាងមុខនេះ។

យោងតាមសេចក្ដីណែនាំរបស់ ក្រសួងសុខាភិបាល ស្ដីពី ការត្រៀម និងឆ្លើយតបនៅពេលមានគ្រោះទឹកជំនន់ បានឲ្យដឹងថា រដ្ឋមន្ត្រីក្រសួងសុខាភិបាល អំពាវនាវ ឲ្យពលរដ្ឋចូលរួមអនុវត្ត រួមមាន ៖
ទី១-មុនពេលទឹកជំនន់ ៖ ត្រូវតាមដានស្ថានភាពទឹកជំនន់ ត្រៀមទីទួលសុវត្ថិភាព និងស្បៀងអាហារ។ ធ្វើរបងព័ទ្ធជុំវិញស្រះ ឬកន្លែងដែលមានទឹកជ្រៅ ត្រូវថែរក្សាបរិស្ថានឱ្យបានស្អាត និងសាងសង់បង្គន់ត្រូវធ្វើឱ្យប្រសើរ បើទាបធ្វើឱ្យខ្ពស់ដើម្បីការពារទឹកជំនន់។
ទី២-កំឡុងពេលមានទឹកជំនន់ ៖ មិនត្រូវចូលទៅក្នុងផ្ទះចាស់ ឬអាគារទ្រុឌទ្រោម ព្រោះអាចស្រុកបាក់បែកបង្កឱ្យគ្រោះថ្នាក់។ មិនត្រូវប៉ះពាល់គ្រឿងប្រើប្រាស់ អគ្គិសនីដោយដៃសើម ឬកំពុងឈរនៅក្នុងទឹក នៅពេលធ្វើដំណើរដោយជិះទូក ឬកាណូតនៅពេលយប់ត្រូវមានភ្លើងបំភ្លឺ។
ត្រូវសម្រាន្តក្នុងមុងគ្រប់ពេល ដើម្បីការពារជំងឺគ្រុនឈាម គ្រុនចាញ់ និងជំងឺផ្សេងៗ។
ចំពោះស្រ្តីមានផ្ទៃពោះត្រូវតាមដាន និងពិនិត្យផ្ទៃពោះតាមកាលកំណត់របស់មណ្ឌលសុខភាព ឬមន្ទីរពេទ្យ បើស្ត្រីគ្រប់ខែជិតដល់ពេលសម្រាលត្រូវរកកន្លែងស្នាក់នៅក្បែរមណ្ឌលសុខភាព ឬមន្ទីរពេទ្យដែលនៅជិតលោកអ្នកបំផុត។
ត្រូវនាំកូនៗរបស់លោកអ្នកទៅចាក់ថ្នាំបង្ការ តាមការកំណត់របស់គ្រូពេទ្យ និងផ្តល់អាហារដល់ពួកគេឱ្យបានត្រឹមត្រូវ ។
ត្រូវប្រុងប្រយ័ត្នចំពោះកុមារី និងក្មេងស្រីនៅទីទួលសុវត្ថិភាព ក្រែងមានអំពើហិង្សាផ្លូវភេទ ។
ត្រូវជួយមនុស្សចាស់ ក្នុងក្រុមគ្រួសារលោកអ្នក ឬមនុស្សចាស់នៅជិតខាង និងផ្តល់ការគាំទ្រដល់សមាជិកគ្រួសារ ឬកុមារពិការ ដូចជា ឈើច្រត់ រទេះរុញ ឬថ្នាំពេទ្យដែលគាត់កំពុងប្រើប្រាស់ជាប្រចាំមួយចំនួន ដែលជាតម្រូវការចាំបាច់របស់ពួកគាត់។
ត្រូវប្រុងប្រយ័ត្នជៀសវាងនូវគ្រោះថ្នាក់លង់ទឹក ត្រូវការពារកុមារតូចៗមិនឱ្យចុះទឹកពន្យល់កុមារពីគ្រោះថ្នាក់ នៃការលង់ទឹក នាំកុមារទៅកន្លែងខ្ពស់ និងមានអ្នកថែទាំ ប្រើអាវពោង ឬប៊ីដុងជ័រគ្រប់ពេលកុមារចេញពីផ្ទះ។ ពេលធ្វើដំណើរតាមទូកឬ កាណូតមិនត្រូវដាក់មនុស្សហួសកំរិត បើមានអ្នកណាម្នាក់លង់ទឹកត្រូវហៅជំនួយជាបន្ទាន់។
ត្រូវប្រុងប្រយ័ត្នគ្រោះថ្នាក់ ដោយសារពស់ចឹក ឬសត្វអសិរពិសផ្សេងៗ ដោយពិនិត្យឱ្យបានត្រឹមត្រូវ មុនទៅកាន់ទីទួលសុវត្ថិភាព ឬមុនទៅធ្វើការជិតគំនរអុស និងគំនរឈើ។ ធ្វើដំណើរពេលយប់ ឬពេលធ្វើការងារត្រូវស្លៀកខោជើង និងពាក់ស្បែកជើងកវែង ជៀសវាងកន្លែងដែលមានស្មៅស៊ុបទ្រប់ និងដាច់ខាតមិនត្រូវយកដៃទៅចាប់ពស់បួសភ្នំអសិរពិស ក្នុងគណីមានសមាជិកគ្រួសារ ឬនរណាម្នាក់មានគ្រោះថ្នាក់ ដោយសារពស់ចឹក ឬសត្វអសិរពិសទិច ឬខាំតំបញ្ជូន ញាប់ទៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យ ដែលនៅជិតលោកអ្នកបំផុត ដើម្បីទទួលការពិនិត្យនិងព្យាបាល។
ដើម្បីជៀសវាងនូវបញ្ហា រាករូស រាកមួល ពុលចំណីអាហារ ឬជំងឺផ្សេងៗដទៃទៀតដែលបង្កឡើងដោយទឹក ត្រូវបរិភោគទឹកស្អាតដោយប្រើធុងចម្រះ ដាំទឹកឱ្យពុះ ឬប្រើប្រាស់ទឹកដោយប្រើថ្នាំក្លរីន ឬក្លរ៉ាមីន (ថ្នាំក្លរីន ឬក្លរ៉ាមីនពីរគ្រាប់អាចលាយទឹក២០លីត្រ)។ ត្រូវលាងសម្អាតបន្លែ និងផ្លែឈើជាមួយទឹកស្អាត អាហារចម្អិនឱ្យបានត្រឹមត្រូវ និងឆ្អិនល្អ គ្របអាហារឲ្យបានជិតល្អ ដើម្បីការពាររុយរោម និងធូលីដីហុយចូល ព្រមទាំងសម្អាតកន្លែងធ្វើម្ហូប និងសម្ភារផ្ទះបាយដូចជា ចាន ឆ្នាំង ស្លាបព្រា ខ្ទះ កាំបិត ជ្រុញឱ្យបានស្អាត។ លាងសម្អាតដៃជាមួយសាប៊ូ ឱ្យបានញឹកញាប់ មុននិងក្រោយបរិភោគអាហារ និងក្រោយចេញពីបង្គន់ ។
ដើម្បីជៀសវាងការចម្លងជំងឺរលាកផ្លូវដង្ហើម ជាចាំបាច់ត្រូវពាក់ម៉ាស់ ឬកូនកន្សែង ឬក្រមាខ្ទប់មាត់ពេលក្អក ឬកណ្តាស់ និងត្រូវនៅឱ្យបានឆ្ងាយពីអ្នកជំងឺ ដែលក្អក ឬកណ្ដាស់ឱ្យលើសពី១ម៉ែត្រ ហើយនិងមិនត្រូវនៅក្បែរកន្លែងមានធូលីហុយបើចាំបាច់ត្រូវតែពាក់ម៉ាស់។ នៅពេលដែលមានធាតុអាកាសប្រែប្រួលភ្លាមៗ ត្រូវយកចិត្តទុកដាក់ថែទាំសុខភាពដូចជា ការស្លៀកពាក់ឱ្យបានត្រឹមត្រូវ និងជៀសវាងចេញក្រៅផ្ទះក្នុងរយៈពេលយូរ ។
ត្រូវធ្វើអនាម័យខ្លួនប្រាណ ឲ្យបានស្អាតដោយងូតទឹកដុះសាប៊ូកក់សក់ និងបោកសម្លៀកបំពាក់ឱ្យបានស្អាតជៀសវាងនូវជំងឺសើរស្បែក ពងទឹក កម រមាស់ជាដើម។
ទី៣-ក្រោយពេលទឹកជំនន់
បន្តបរិភោគចំណីអាហារស្អាត ទឹកស្អាត និងអនាម័យខ្លួនប្រាណឱ្យបានស្អាត ដើម្បីជៀសវាងនូវជំងឺផ្សេងៗ។
ត្រូវបន្តសំរាន្តក្នុងមុងគ្រប់ពេល ដើម្បីការពារជំងឺគ្រុនឈាម និងគ្រុនចាញ់។
ត្រូវពិនិត្យមើលផ្ទះក្រែងមានបាក់ស្រុតនាំឱ្យមានគ្រោះថ្នាក់ ប្រុងប្រយ័ត្នក្រែងមានសត្វពស់ ឬសត្វអសិរពិសផ្សេងៗ។
អនាម័យបរិស្ថានជុំវិញផ្ទះ និងក្នុងផ្ទះ ព្រោះក្រោយពេលទឹកស្រកទៅបានបន្សល់នូវភាពកខ្វក់ និងមេរោគជាច្រើនរស់នៅក្នុងទឹកជៀសវាងនូវការដក់ទឹកជុំវិញផ្ទះ និងក្នុងផ្ទះ នាំឱ្យមានដង្កូវទឹកកើតមូសខ្លា និងមូសដែកគោលដែលអាចបង្កឲ្យមានជំងឺគ្រុនឈាម និងគ្រុនចាញ់។
ត្រូវស្តារ និងសំអាតអណ្តូងទឹកឡើងវិញមុននឹងប្រើប្រាស់។
ព្រមទាំងជួសជុល និងសង់បង្គន់ឡើងវិញ ដោយជានិច្ចជាកាលត្រូវបន្ទោបង់ក្នុងបង្គន់គ្រប់ពេល។
ដូច្នេះ ក្រសួងសុខាភិបាល បានឲ្យដឹងថា ទាំងមុនពេល ក្នុងពេល និងក្រោយពេលទឹកជំនន់ ប្រសិនបើលោកអ្នកមានបញ្ហាសុខភាពសូមស្វែងរកការពិគ្រោះ ពិនិត្យ និងព្យាបាលជំងឺជាបន្ទាន់ នៅប៉ុស្តិ៍សុខភាពក្បែរទីទួលសុវត្ថិភាព ឬមណ្ឌលសុខភាព ឬមន្ទីរពេទ្យ ដែលនៅជិតលោកអ្នកបំផុត។ ក្រសួងសុខាភិបាល បានណែនាំមន្ទីរសុខាភិបាលរាជធានី-ខេត្តទាំងអស់ ឲ្យត្រៀមលក្ខណៈរួចជាស្រេចនូវឱសថ បរិក្ខារពេទ្យសេរ៉ូប្រឆាំងពឹសពស់សម្រាប់ជួយអន្តរាគមន៍នៅពេលដែលមានពស់ចឹក ព្រមទាំងត្រៀមក្រុមគ្រូពេទ្យចល័ត ដើម្បីជួយពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋ ដែលមានបញ្ហាសុខភាពឲ្យបានល្អប្រសើរ និងទាន់ពេលវេលាទៅតាមនិយាមប្រតិបត្តិពេទ្យត្រឹមត្រូវផងដែរ៕