ភ្នំពេញ ៖ ការប្រមូលពន្ធលើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទសម្រាប់ឆ្នាំ២០១៩ នឹងត្រូវចាប់ផ្ដើមអនុវត្តពីថ្ងៃទី១ ខែមិថុនា រហូតដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៩ ខាងមុខនេះខណៈម្ចាស់យានយន្ដទាំងឡាយណា ដែលមិនទាន់បានប្រកាស បង់ពន្ធក្នុងឆ្នាំកន្លងមកនឹងត្រូវពិន័យ ។
យោងតាមសេចក្ដីជូនដំណឹងរបស់ អគ្គនាយកដ្ឋានពន្ធដារបានបញ្ជាក់ថា “សម្រាប់ការបង់ពន្ធក្នុងឆ្នាំ២០១៩នេះ ម្ចាស់យានយន្ដគ្រប់ប្រភេទត្រូវដាក់លិខិតប្រកាស និងបង់ពន្ធនៅសាខាពន្ធដារ ខេត្ត-ខណ្ឌ ឬ នៅធានាការកាណាឌឺយ៉ា ក.អ ឬនៅធនាគារ អេស៊ីលីដា ភិអិលស៊ី ឬ នៅធនាគារវឌ្ឍនៈ ឬនៅធនាគារកម្ពុជាសាធារណៈ ឬនៅធនាគារអេអិនហ្សិត រ៉ូយ៉ាល់ ឬនៅតាមធនាគារ ដែលបានចុះអនុស្សរណៈនៃការយោគយល់គ្នា ជាមួយ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ”។
អគ្គនាយកដ្ឋានពន្ធដារ បានបន្ដថា ចំពោះ ក្រសួង-ស្ថាប័ន ឬ អង្គភាពដែលជាអាណាព្យាបាល ឬជាម្ចាស់កម្មសិទ្ធិនៃយានយន្ដត្រូវបានលើកលែងដូចមានចែងក្នុងប្រការទី៦ នៃប្រកាសលេខ ៥៣១ សហវ.ប្រក ត្រូវស្នើសុំមក អគ្គនាយកដ្ឋានពន្ធដារ ដើម្បីទទួលបាននូវតាលតាបត្របង់ពន្ធ (ពន្ធជាបន្ទុករបស់រដ្ឋ) ដោយភ្ជាប់មកជាមួយបញ្ជីសារពើភណ្ឌយានយន្ដរបស់ក្រសួង-ស្ថាប័ន ឬអង្គភាពដែលបានស្នើសុំនោះ។
អគ្គនាយកដ្ឋានពន្ធដារ ក៏បានបញ្ជាក់ថា ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២០ តទៅ អគ្គនាយកដ្ឋានពន្ធដារ សហការជាមួយអាជ្ញាធរមានសមត្ថកិច្ច ដើម្បីចុះត្រួតពិនិត្យ ការប្រកាសបង់ពន្ធ និងពិន័យចំពោះម្ចាស់យានយន្ដទាំងឡាយណា ដែលមិនទាន់បានប្រកាស បង់ពន្ធក្នុងឆ្នាំកន្លងមក តាមច្បាប់ស្ដីពីសារពើពន្ធជាធរមាន។អគ្គនាយកដ្ឋានពន្ធដារ មានជំនឿយ៉ាងមុតមាំថា ម្ចាស់យានយន្ដគ្រប់ប្រភេទ នឹងរួសវាន់អញ្ជើញទៅប្រកាសបង់ពន្ធតាមទីកន្លែង និងពេលវេលា ដូចបានកំណត់៕