កណ្តាល៖បន្ទាប់ពីចូលសារភាពដោយខ្លួនឯងនៅរសៀលថ្ងៃទី៣ ខែមិថុនា នេះ កម្លាំងកងរាជអាវុធហត្ថខេត្តកណ្តាល បានបញ្ជូនមន្ត្រីយោធាឈ្មោះ សាន សុច ទំនងស្រវឹងខ្លាំងនិងមានជម្លោះជាមួយមិត្តភក្តិ ផងនោះ បានបាញ់ចំនួន៤គ្រាប់ ក្នុងខារ៉ាអូខេ B-Gold តែមិនបណ្តាលអោយនរណាម្នាក់រងរបួសនោះទេ ដល់អយ្យការអមសាលាដំបូខេត្តកណ្តាល ដើម្បីចាត់ការតាមច្បាប់ ។
ករណីនេះ កើតឡើងកាលពីវេលាម៉ោង២០៖៣០នាទី ថ្ងៃទី២ ខែមិថុនា នៅចំណុចក្នុងខារ៉ាអូខេ B-Gold ស្ថិតនៅភូមិព្រែករាំង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល ។
របាយការណ៍ពីស្នងការដ្ឋាននគរបាលខេត្តកណ្តាល បញ្ជាក់ថា ជនសង្ស័យឈ្មោះ សាន សុច អាយុ៣៨ឆ្នាំ មុខរបរយោធា មានទីលំនៅភូមិព្រែកហូរលិច សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល បានគេចខ្លួន ក្រោយបាញ់បោះសេរីរួច ។
វត្ថុតាងចាប់យកនៅកន្លែងកើតហេតុរួមមាន ស្រោមកាំភ្លើងពណ៌ខ្មៅចំនួន១ សោម៉ូតូចង្កោមកូនសោម៉ូតូ១,កូនសោរថយន្ត១តេឡេរថយន្ត១ , គ្រាប់កាំភ្លើងខ្លី ម៉ាកឡុកចំនួន៤ បាញ់ផ្ទុះ អស់៣គ្រាប់មានលេខA-USA9MM-LUGER៕