អ្នកវិនិយោគលំដាប់ខ្ពស់ជាង១០០នាក់ មកពីចិនស្វែងរកឱកាសវិនិយោគ​លើវិស័យទេសចរណ៍នៅកម្ពុជា

0

ភ្នំពេញ៖ វិនិយោគិន និងធុរជនចិនប្រមាណជាង ១០០នាក់ មកពីរដ្ឋធានីប៉េកាំង និងតំបន់រដ្ឋបាលពិសេសហុងកុង (នាគអាស៊ី) ដែលសុទ្ធសឹងជាអ្នកវិនិយោគលំដាប់ខ្ពស់ បានធ្វើដំណើរមកប្រទេសមិត្តកម្ពុជា ដើម្បីស្វែងរកឱកាសវិនិយោគនៅប្រទេសសន្តិភាពមួយនេះ ដូចជាវិស័យទេសចរណ៍ជាដើម។នេះបើយោងតាមគេហទំព័រហ្វេសប៊ុករបស់ក្រសួងទេសចរណ៍។
លោកថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍បានថ្លែងថា ឆ្នាំនេះមិនត្រឹមតែជាឆ្នាំពិសេសសម្រាប់ខួប ៦១ឆ្នាំ នៃទំនាក់ទំនងការទូតរវាងកម្ពុជា និងចិនប៉ុណ្ណោះទេ តែក៏ជាឆ្នាំប្រកាសទំនាក់ទំនងកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ និងវប្បធម៌រវាងប្រទេសទាំងពីរផងដែរ។ កម្ពុជាមានផែនការទាក់ទាញទេសចរអន្តរជាតិឱ្យបានជាង ៧លាននាក់ នៅឆ្នាំ២០២០ (ក្នុងនោះទេសចរចិនប្រមាណ ៣លាននាក់)។
លោករដ្ឋមន្រ្តីបានអំពាវនាវដល់វិនិយោគិនចិនមកពីទីក្រុងហុងកុង និងប៉េកាំង ឱ្យមកបណ្តាក់ទុនវិនិយោគលើវិស័យទេសចរណ៍នៅកម្ពុជា ឱ្យកាន់តែច្រើនថែមទៀត ពិសេសលើការបង្កើតផលិតផលទេសចរណ៍ថ្មីៗ ដោយឈរលើគោលការណ៍ស្អាតបៃតង ការច្នៃប្រឌិត (Creative) និងនិវានុវត្តន៍ (Innovative ) ក្នុងយុគសម័យឌីជីថលូបនីយកម្ម (Digitalization)៕