ធុរជនចិន គ្រោងវិនិយោគសាងសង់ប្រព័ន្ធឃ្លាំងស្តុក និងឡសម្ងួតស្រូវអង្ករនៅកម្ពុជា

0

ភ្នំពេញ៖ ប្រតិភូធុរជនចិនខេត្តហឺណាន់ បានបង្ហាញចេតនាវិនិយោគលើការសាងសង់ប្រព័ន្ធឃ្លាំងស្តុក និងឡសម្ងួតស្រូវ-អង្ករនៅក្នុងប្រទសកម្ពុជា ដើម្បីចូលរួមពង្រឹងខ្សែចង្វាក់ផ្គត់ផ្គង់ស្រូវអង្ករជាតិ ជាពិសេសថែរក្សាស្ថិរភាពតម្លៃ និងកាត់បន្ថយការហូរចេញស្រូវទៅកាន់ប្រទេសជិតខាង ព្រមទាំងបង្កើនប្រាក់ចំណូលជូនប្រជាកសិករ និងជំរុញកំណើនសេដ្ឋកិច្ចជាតិ។នេះបើយោងតាមក្រសួងពាណិជ្ជកម្ម។

នៅក្នុងជំនួបជាមួយ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម កាលពីរសៀលថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៩ លោក ប៊ី គង់មីន (BI Guangmin) ប្រធានក្រុមប្រឹក្សានៃក្រុមហ៊ុន Henan Yuguang International Economic & Technical Cooperation បានជម្រាបជូនឯកឧត្តមរដ្ឋមន្ត្រីអំពីសាវតា និងគម្រោងសាងសង់ឃ្លាំងស្តុកស្រូវ និងឡសម្ងួត ដែលមានសមត្ថភាពសម្ងួតស្រូវសើមដល់ទៅ ១៣ពាន់តោន ក្នុងមួយថ្ងៃ ហើយអាចស្តុកស្រូវ-អង្ករស្ងួតបានដល់ទៅ ១លានតោន។

លោក ប៊ី គង់មីន បានបន្ថែមទៀតថា ក្រុមហ៊ុនលោកចង់សាងសង់ប្រព័ន្ធឃ្លាំងស្តុក និងឡសម្ងួត នៅក្នុងខេត្តដែលមានសក្តានុពលផលិតស្រូវ-អង្ករ ហើយនៅពេលការសាងសង់បញ្ចប់ នឹងជួយបង្កើនការនាំចេញអង្ករកម្ពុជា ទៅក្នុងទីផ្សារអន្តរជាតិក្នុងមួយឆ្នាំ ៥០ម៉ឺនតោន។ លោកប្រធានក្រុមប្រឹក្សារូបនេះ ក៏បានស្នើសុំគាំទ្រ និងអនុសាសន៍បន្ថែម ពីឯកឧត្តមរដ្ឋមន្ត្រី ដើម្បីជំរុញគម្រោងសាងសង់ឃ្លាំងស្តុកស្រូវ និងឡសម្ងួតនេះ អាចអនុវត្តន៍បានក្នុងពេលឆាប់ៗ។
ជាការឆ្លើយតប លោក ប៉ាន សូរស័ក្តិ បានផ្តល់ការគាំទ្រពេញទំហឹង ចំពោះគម្រោងខាងលើ និងបានជម្រាបជូនភាគីចិន អំពីគោលនយោបាយស្រូវអង្ករជាតិ, យុទ្ធសាស្ត្រសមាហរណកម្មពាណិជ្ជកម្មកម្ពុជា (CTIS) និងកិច្ចប្រឹងប្រែងរបស់ក្រសួងពាណិជ្ជកម្ម ក្នុងការជំរុញផលិតកម្មស្រូវ-អង្ករ ដើម្បីធ្វើពិពិធកម្មការនាំចេញទៅកាន់ទីផ្សារអន្តរជាតិ ឱ្យបានអតិបរមា។


លោករដ្ឋមន្ត្រី ក៏បានស្នើលោក ប៊ី គង់មីន សហការជាមួយក្រុមហ៊ុនហ្គ្រីនត្រេដ ដើម្បីរៀបចំកិច្ចសន្យាស្តីពីវិស្វកម្ម និងសាងសង់, កិច្ចព្រមព្រៀងស្តីពីការបង្កើតក្រុមហ៊ុនចម្រុះកម្ពុជា-ចិន ព្រមទាំងកិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការ និងការគ្រប់គ្រង រវាងរដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុនវិនិយោគជាដៃគូ សម្រាប់ធ្វើប្រតិបត្តិការ និងថែទាំគម្រោង ដើម្បីជំរុញកិច្ចការទៅមុខដោយរលូន និងទទួលបានជោគជ័យ។
គួររំលឹកដែរថា កាលពីខែវិច្ឆិកា ឆ្នាំ២០១៧ រាជរដ្ឋាភិបាលកម្ពុជា បានចុះអនុស្សរណៈនៃការយោគយល់គ្នាស្តីពីគម្រោងជំរុញផលិតកម្មស្រូវ និងការនាំចេញអង្ករជាមួយប្រទេសចិន ដែលក្នុងនោះភាគីកម្ពុជា តំណាងដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងពាណិជ្ជកម្ម ខណៈភាគីចិនតំណាងដោយក្រុមហ៊ុន Henan Yuguang International Economic & Technical Cooperation, ធនាគារនីហរ័ណ-អាហរ័ណចិន និងក្រុមហ៊ុនស៊ីទីកហ្គ្រុប។ នៅក្នុងអនុស្សរណៈ ក្រុមហ៊ុន Henan Yuguang International Economic & Technical Cooperation នឹងទទួលការងារសាងសង់ឡសម្ងួត និងឃ្លាំងស្តុកស្រូវ-អង្ករ នៅក្នុងប្រទេសកម្ពុជា៕