កម្មវិធីជិះកង់សប្បុរសធម៌ដែលមានអ្នកចូលរួមប្រមាណជាង ២០០នាក់ បាននាំយកសម្ភារៈសិក្សាចែកជូនដល់សិស្សានុសិស្សចំនួន ២៤៨នាក់ ដោយក្នុងម្នាក់ទទួលបាន កាបូបសិក្សាមួយ សៀវភៅពីរក្បាល ប៊ិចពីរដើម ខ្មៅដៃពីរដើម ដែកខួងមួយ បន្ទាត់មួយ និងថវិកា ប្រាំពាន់រៀល ក្នុងនោះផងដែរ លោកគ្រូអ្នកគ្រូ ៨នាក់ ទទួលបាន សៀវភៅពីរក្បាល ប៊ិចពីរដើម ដែកខួងមួយ បន្ទាត់មួយ ថវិកា២ម៉ឺនរៀល ព្រមទាំងថវិកាឧបត្ថម្ភ ៤០ម៉ឺនរៀល ដល់សាលាបឋមសិក្សាចុងកោះឧកញ្ញ៉ាតី ដែលមានទីតាំងស្ថិតក្នុងភូមិឧកញ្ញ៉ាតី ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល កាលពីថ្ងៃទី ១៩ ខែឧសភា ឆ្នាំ២០១៩ ។

កម្មវិធីជិះកង់សប្បុរសធម៌នេះផ្តើមរៀបចំដោយ OBN Asia និងហាងកង់សុខភាព សហការជាមួយ សមាគមយុវជនស្ម័គ្រចិត្តខ្មែរដែលដឹកនាំដោយលោក ឈាន សុវណ្ណរតនា បង្កើតកម្មវិធីជិះកង់សប្បុរសធម៌នេះឡើងក្នុងគោលបំណងចូលរួមលើកកម្ពស់វិស័យអប់រំនៅកម្ពុជា និង ជួយដល់សិស្សានុសិស្សដែលមានការខ្វះខាតសម្ភារៈសិក្សា ក៏ដូចជាកាត់បន្ថយការចំណាយរបស់មាតាបិតាសិស្ស បូករួមទាំងការជិះកង់ដើម្បីសុខភាពជៀសឆ្ងាយពីគ្រឿងញៀន និងចែករំលែកចំណេះដឹងនិងបទពិសោធន៍ដល់យុវជន ទទួលបានបទសោធន៍ក្នុងការជិះកង់ជាក្រុមព្រមទាំងលើកកំពស់ក្នុងវិស័យជិះកង់អោយកាន់តែមានប្រជាប្រិយភាពឡើង ។ លោក ឈាន សុវណ្ណរតនា ប្រធានសមាគមយុវជនស្ម័គ្រចិត្តខ្មែរ បានលើកឡើងក្នុងកម្មវិធី សូមអោយសិស្សនុសិស្សខំប្រឹងរៀនសូត្រ ជៀសឆ្ងាយពីគ្រឿងញៀន ព្រមទាំងសូមអោយបន្តសកម្មភាពសប្បុរសធម៌ និងគិតពីសុខភាពអោយបានច្រើន ដូចគ្នានឹងកម្មវីធីជិះកង់សប្បុរសធម៌នេះ ៕


















