ភ្នំពេញ:ស្ថានទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា បង្ហាញការយកចិត្តទុកដាក់ខ្ពស់ចំពោះវីដេអូជនជាតិចិនសង្ស័យពាក់ព័ន្ធនឹងសង្គមងងឹតដែលត្រូវបានផ្សព្វផ្សាយតាមបណ្ដាញសង្គមដោយក្នុងពេលថ្មីៗនេះ បុរសជាងដប់នាក់ដែលហៅខ្លួនឯងជាជនជាតិចិនមកពីទីក្រុង chongqing បានបង្ហោះវីដេអូខ្លីមួយពាក់ព័ន្ធនឹងសកម្មភាពសង្គមងងឹត និយាយយ៉ាងក្អេងក្អាងថានឹងបំពុលដល់សន្តិសុខនៅខេត្តព្រះសីហនុ។
ស្ថានទូតចិនប្រចាំកម្ពុជាបានឲ្យដឹងតាមបណ្តាញសង្គមហ្វេសប៊ុកនៅរាត្រីថ្ងៃទី១២ឧសភានេះថាស្ថានទូតចិនប្រចាំកម្ពុជាមានការយកចិត្តទុកដាក់ខ្ពស់ចំពោះបញ្ហានេះ និងបានជួយសម្របសម្រួលដល់សមត្ថកិច្ចនៃប្រទេសចិន និងកម្ពុជា ដើម្បីបើកការស៊ើបអង្កេតអោយបានគ្រប់ជ្រុងជ្រោយលើបញ្ហាមួយនេះ។ ជឿជាក់ថាការពិតនៃបញ្ហានេះនឹងត្រូវបានលាតត្រដាងក្នុងពេលឆាប់ៗ ករណីមានការវិវត្តន៍អ្វីថ្មី យើខ្ញុំនឹងធ្វើការប្រកាសជូនដំណឹងបន្តទៀតអោយបានទាន់ពេល៕