ភ្នំពេញ៖ដោយសារមិនចង់ឃើញបញ្ហាដដែលៗកើតមានឡើង ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានដាស់តឿនឲ្យពលរដ្ឋខ្មែរ ប្រុងប្រយ័ត្ន និងពិចារណាឲ្យបានម៉ត់ចត់មុនទិញផ្ទះ និងដីឡូត៍ខណៈបច្ចុប្បន្នប្រជាពលរដ្ឋខ្មែរពេញនិយមទិញផ្ទះ និងទិញគម្រោងពុះដីឡូត៍លក់ តាមរយៈការបង់រំលស់ឬបង់ប្រាក់ផ្ដាច់ទាំងអស់ជាដើម។
យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសេដ្ឋកិច្ច បានឲ្យដឹងថាចំណុចដែលក្រសួងដាស់តឿន រួមមាន៖ ឈ្មោះម្ចាស់អចលនទ្រព្យ ក្នុងវិញ្ញាបនប័ត្រសម្គាល់អចលនទ្រព្យ (តើជារបស់អ្នកអភិវឌ្ឍន៍គម្រោងពុះដីឡូត៍លក់ ឬជារបស់អ្នកផ្សេង) ,វិញ្ញាបនប័ត្រ សម្គាល់ម្ចាស់អចលនទ្រព្យ (មានជាប់បន្ទុកឬអត់) ,លិខិតអនុញ្ញាតអភិវឌ្ឍន៍ដែលចេញដោយអាជ្ញាធរ ឬអង្គភាព មានសមត្ថកិច្ច ,ឯកសារបង់ពន្ធអចលនវត្ថុ ,បណ្ណបំបែកក្បាល់ដី ,ខ្លឹមសារលម្អិតនៃកិច្ចសន្យាលក់-ទិញ។
ចំណែកការទិញលំនៅឋានវិញ រួមមាន៖លិខិតអនុញ្ញាត សាងសង់ (ចេញដោយក្រសួងដដែនដី ឬសាលារាជធានី-ខេត្ត) ,វិញ្ញាបនប័ត្រសម្គាល់ម្ចាស់អចលនទ្រព្យ (មានជាប់បន្ទុកឬអត់) ,អាជ្ញាបណ្ណអភិវឌ្ឍន៍លំនៅឋាន (ចេញដោយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ) ,ឯកសារបង់ពន្ធអចលនវត្ថុ ,បណ្ណបំបែកក្បាលដី ,ខ្លឹមសារលម្អិតនៃកិច្ចសន្យា លក់-ទិញ៕