ភ្នំពេញ៖ដើម្បីឲ្យទីផ្សាររបស់កម្ពុជាកាន់តែរីកចម្រើននិងដោះស្រាយបញ្ហាការងារធ្វើជូនប្រជាពលរដ្ឋផងដែរនោះសម្ដេចតេជោ ហ៊ុនសែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជាក្នុងឱកាសអញ្ជើញពិសារអាហារស្រាយបួស «ខែរ៉ាម៉ាឌន» ជាមួយបងប្អូនខ្មែរ-ឥស្លាមនាល្ងាចថ្ងៃទី៧ ឧសភានេះបានស្នើទៅកាន់បណ្ដាប្រទេសកាន់សាសនាឥស្លាមឲ្យជួយទិញទំនិញនិងអង្ករពីកម្ពុជា។
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាបានថ្លែងបញ្ជាក់ថា”យើងចង់ឲ្យប្រទេសទាំងនោះទទួលទិញម្ហូបអាហារទិញទំនិញពីកម្ពុជា។សូមលោកជំទាវឯកអគ្គរដ្ឋទូតតំណាងអគ្គលេខាធិការOICជួយជម្រាបជូនអគ្គលេខាធិការនិងបណ្ដាប្រទេសទាំងអស់នោះថាសុំជួយដល់កម្ពុជាក្នុងនោះរួមចំណែកទិញទំនិញពីកម្ពុជាដែលផលិតនៅកម្ពុជារាប់ទាំងម្ហូបហាឡាល់ដែលជាតម្រូវការនៃបងប្អូនសាសនិកម៉ូស្លីមនៅទីនោះផងដែរ”៕