ជនជាតិចិននិងវៀតណាមប្រព្រឹត្តបទល្មើសច្រើនជាងគេនៅកម្ពុជា

0

ភ្នំពេញ៖ យោងតាមរបាយការណ៍របស់ក្រុមព័ត៌មានទាន់ហេតុការណ៍(HOT LINE) ជាមួយជនបរទេសប្រចាំនៅព្រះរាជាណាចក្រកម្ពុជា នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្នុងត្រីមាសទី១ ឆ្នាំ២០១៩ បានឲ្យដឹងថា ជនជាតិចិននិងវៀតណាមបានប្រព្រឹត្តបទល្មើសច្រើនជាងគេនៅកម្ពុជា។

របាយការណ៍ដដែលបានឲ្យដឹងបន្ថែមថាសភាពការណ៍ពាក់ព័ន្ធជនបរទេស៖ ជនបរទេស ទទួលរងគ្រោះ សរុប ១៦៧ ករណី រងគ្រោះសរុប ២១១នាក់ មាន៣៥ សញ្ជាតិលើ១៥រាជធានី-ខេត្ត។ សញ្ជាតិរងគ្រោះច្រើនជាងគេគឺ ចិន ៩៨នាក់, បារាំង ១២នាក់, អង់គ្លេស ១១នាក់, អាល្លឺម៉ង់ ៩នាក់, អាមេរិក ៧នាក់។ ក្រៅពីជនបរទេសរងគ្រោះ គឺមានជនបរទេសប្រព្រឹត្តបទល្មើសមានចំនួន ៨២ករណី ឃាត់ខ្លួនសរុប ៣៤១នាក់ មាន ២០សញ្ជាតិ លើ១២រាជធានី-ខេត្តទូទាំងប្រទេស លើ២០ប្រភេទបទល្មើស។ សញ្ជាតិប្រព្រឹត្តបទល្មើសច្រើនជាងគេគឺ ចិន ២៤១នាក់, វៀតណាម ៤៩នាក់, ថៃ ២៦នាក់, កូរ៉េខាងត្បូង ៤នាក់, អាមេរិក ៣នាក់។ ក្រុម Hotline ជនបរទេស បានទទួលបណ្តឹងសុំប្រតិបត្តិការអន្តរាគមន៍ពីជនបរទេស និងស្ថានទូតចំនួន ១១ករណី បានដោះស្រាយបញ្ចប់ ៨ករណី និងមិនទាន់បញ្ចប់ ៣ករណី(ស្ថិតក្នុងការស៊ើបអង្កេត)។

ដោយឡែកកិច្ចប្រជុំនេះក៏បានដាក់ទិសដៅសម្រាប់អនុវត្តបន្តដោយបាន បន្តស៊ើបអង្កេតស្រាវជ្រាវ និងដោះស្រាយករណីបណ្ដឹងដែលនៅសល់, បង្កើនការយកចិត្តទុកដាក់ការពារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈគោលដៅស្ថានទូត និវេសនដ្ឋាន មន្ត្រីការទូត វិនិយោគិនបទេស អ្នកទេសចរណ៍បរទេសប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់, បន្តជួបពិភាក្សាការងារជាមួយគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ និងដោះស្រាយបញ្ហានានា៕