លោក អ៊ិត សំហេង ស្នើចិនជួយទិញទំនិញពីកម្ពុជាឲ្យកាន់តែច្រើនឡើង

0

ភ្នំពេញ៖ លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានស្នើឱ្យគណៈប្រតិភូសហជីពចិនបន្តការពង្រឹងទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការល្អជាមួយសហជីពនៅកម្ពុជា ពិសេសសូមជួយជំរុញអ្នកវិនិយោគចិនឱ្យមកវិនិយោគបន្ថែមកាន់តែច្រើននៅកម្ពុជា និងស្នើដល់មិត្តចិនជួយទិញទំនិញពីកម្ពុជាឱ្យកាន់តែច្រើនថែមទៀតផងដែរ។

សំណើររបស់លោក អ៉ិត សំហេង បានធ្វើឡើងក្នុងជំនួបពិភាក្សាការងារជាមួយលោកស្រី ជាំង ណាន អគ្គនាយកនៃនាយកដ្ឋានច្បាប់ របស់មជ្ឈមណ្ឌលការងារចិនដើម្បីសហប្រតិបត្តិការអន្តរជាតិ (CWCIE) នៃសហជីពទូទាំងប្រទេសចិន (ACFTU) នៅទីស្ដីការក្រសួងការងារ នារសៀលថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៩។

លោករដ្ឋមន្ត្រីបញ្ជាក់ថា”ការជួយទិញទំនិញ និងការមកវិនិយោគនៅកម្ពុជាកាន់តែច្រើន គឺដូចជាជួយដល់ប្រទេសកម្ពុជា និងប្រជាជនកម្ពុជា ដែលជាមហាមិត្តម៉ឺនឆ្នាំជាមួយចិន”។
សូមជម្រាបថា បច្ចុប្បន្នកម្ពុជាមានរោងចក្រវាយនភណ្ឌ កាត់ដេរសម្លៀកបំពាក់ និងផលិតស្បែកជើងប្រមាណ១,២០០កន្លែងក្នុងនោះស្ថិតក្រោមការវិនិយោគរបស់អ្នកវិនិយោគចិនមានប្រមាណ ៧០០កន្លែង៕