ភ្នំពេញ៖ តាមការប៉ាន់ប្រមាណរបស់អង្គការអន្តរជាតិខាងការងារ (ILO)បានបង្ហាញឱ្យឃើញថា កម្មករនិយោជិតចំនួន ២.៧៨លាននាក់ បានបាត់បង់ជីវិតដោយសារគ្រោះថ្នាក់ការងារនិងជំងឺវិជ្ជាជីវៈជារៀងរាល់ឆ្នាំនៅលើសាកលលោក។នេះបើយោងតាមគេហទំព័រហ្វេសប៊ុករបស់ក្រសួងការងារ។
លោកអ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងឱកាសនៃការប្រារព្ធទិវាពិភពលោកដើម្បីសុវត្ថិភាព និងសុខភាពការងារ ក្រោមប្រធានបទ៖ «សុវត្ថិភាព និងសុខភាពការងារ និងអនាគតនៃការងារ» ថ្ងៃទី៣ ខែឧសភា ២០១៩ ក្នុងតំបន់សេដ្ឋកិច្ចពិសេសនាងកុក ខេត្តកោះកុងបានលើកឡើងថាក្នុងចំណោមនោះ មានកម្មករនិយោជិត ២.៤លាននាក់ បានស្លាប់ដោយសារជំងឺវិជ្ជាជីវៈ ព្រមទាំងកម្មករនិយោជិតចំនួន ៣៧៤លាននាក់ទៀតបានទទួលរងនូវគ្រោះថ្នាក់ការងារដែលមិនបណ្តាលឱ្យស្លាប់។
ដោយឡែកនៅក្នុងប្រទេសកម្ពុជាតាមរយៈរបាយការណ៍របស់បេឡាជាតិរបបសន្តិសុខសង្គម បានបង្ហាញឱ្យឃើញថា គ្រោះថ្នាក់ការងារ ករណីស្លាប់ និងការចំណាយទៅសំណងហានិភ័យការងារឆ្នាំ២០១៨ មានថយចុះស្មើនឹង ១៨.២៥% បើធៀបនឹងឆ្នាំ២០១៧ កន្លងមក៖
– គ្រោះថ្នាក់ការងារសរុបចំនួន ៣៤,៨០៨ករណី រួមមានគ្រោះថ្នាក់នៅកន្លែងធ្វើការមានចំនួន ២៥,២០៦នាក់ គ្រោះថ្នាក់ពេលធ្វើដំណើរចំនួន ៩,៥៣០នាក់ និងផ្សេងៗចំនួន ៧២នាក់។
– ដោយឡែក ចំពោះករណីដួលសន្លប់របស់កម្មករនិយោជិត មានការថយចុះចំនួន ៥៤.៥៥% ដោយកើតឡើងនៅក្នុង ២២សហគ្រាស-គ្រឹះស្ថាន នៅឆ្នាំ២០១៧ មកត្រឹម ១០សហគ្រាស-គ្រឹះស្ថាន នៅឆ្នាំ២០១៨ ដែលនេះបង្ហាញពីការយកចិត្តទុកពីគ្រប់ភាគីពាក់ព័ន្ធក្នុងបង្ការ សុវត្ថិភាព និងសុខភាពការងារនៅកន្លែងធ្វើការ៕