ភ្នំពេញ៖សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាបានលើកទឹកចិត្តឲ្យអ្នកសារព័ត៌មានទាំងអស់ខិតខំប្រឹងប្រែងបន្តទៀតនូវការអភិវឌ្ឍសមត្ថភាពយល់ដឹងរបស់ខ្លួននិងមានភាពស្មោះត្រង់ក្នុងវិជ្ជាជីវៈក្លាហានហ៊ាននិយាយការពិតធ្វើការរិះគន់ក្នុងន័យស្ថាបនា ហ៊ានទទួលយកការពិតដើម្បីឲ្យព័ត៌មានរបស់ខ្លួនក្លាយជាព័ត៌មានពិតហើយធ្វើការឆ្លុះបញ្ចាំងឲ្យឃើញគ្រប់តថភាពសង្គមដើម្បីចូលរួមចំណែកកសាងសង្គមមួយឲ្យមានយុត្តិធម៌សុខសន្តិភាពនិងមានការអភិវឌ្ឍដែលជាបំណងប្រាថ្នារបស់មនុស្សជាតិនៅទូទាំងសកលលោក។
តាមរយៈសារលិខិតអបអរសាទរក្នុងឱកាសទិវាសេរីភាពសារព័ត៌មានសកលលោកលើកទី២៦ សម្ដេចតេជោ ហ៊ុន សែន បានអំពាវនាវដល់អ្នកសារព័ត៌មានជាតិនិងអ្នកសារព័ត៌មានបរទេសទាំងអស់ដែលកំពុងបំពេញការងារនៅកម្ពុជានិងបំពេញការងារនៅបរទេសក្ដីសូមយកចិត្តទុកដាក់អនុវត្តឲ្យបានត្រឹមត្រូវតាមក្រមសីលធម៌ វិជ្ជាជីវៈ ចៀសវាងការផ្សព្វផ្សាយព័ត៌មានតែមួយជ្រុងដោយមិនបានផ្ទៀងផ្ទាត់ព័ត៌មានឲ្យបានគ្រប់ជ្រុងជ្រោយហើយធ្វើការឆ្លុះបញ្ចាំងសភាពការណ៍ទាំងមូលដោយពុំបានគិតគូរអំពីក្រឹត្យក្រមក្បួនខ្នាតនៃការសរសេរព័ត៌មាន ឬផ្សព្វផ្សាយព័ត៌មានក្លែងក្លាយដើម្បីបំប៉ោងសភាពការណ៍ និងបន្តុះបង្អាប់ញុះញង់ អុជអាលឲ្យមានការស្ពប់ខ្ពើម ប្រកាន់ពូជសាសន៍ ពណ៌សម្បុរ ភេទ ជំនឿ សាសនា និន្នាការនយោបាយ ឬស្ថានភាពដទៃទៀតដែលធ្វើឲ្យមានអរិភាពដល់ទំនាក់ទំនងជាមួយប្រទេសដទៃ បង្កឲ្យមានការបែកបាក់សាមគ្គីផ្ទៃក្នុង ឬបង្កឲ្យមានទំនាស់ជាមួយបរទេសដែលធ្វើឲ្យអន្តរាយដល់ប្រទេសជាតិដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន៕