ចាប់ពីថ្ងៃនេះនឹងមានភ្លៀងកក់ខែជាបន្តបន្ទាប់ហើយកម្ដៅនឹងថយចុះវិញ

0

ភ្នំពេញ៖ យោងតាមការព្យាករណ៍អាកាសធាតុរបស់ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា ចាប់ពីថ្ងៃទី២៩មេសា ដល់ថ្ងៃទី៥ ខែឧសភា នឹងមានភ្លៀងកក់ខែ ពីតិចទៅបង្គួរ ហើយសីតុណ្ហភាពអាចមានចន្លោះពី៣៧-៤១អង្សាសេជាពិសេសនៅថ្ងៃទី២៩ ខែមេសា នេះខេត្តឧត្តរមានជ័យ បន្ទាយមានជ័យ សៀមរាប និងខេត្តបាត់ដំបង នឹងមានភ្លៀងកក់ខែពីតិចទៅមធ្យមនៅស្រុក-ក្រុងមួយចំនួន។
យោងតាមការព្យាករណ៍ដដែលបានឲ្យដឹងបន្ថែមថាចាប់ពីថ្ងៃទី៣០ខែ មេសា ដល់ទី២ ខែឧសភា ខេត្តត្បូងឃ្មុំ កំពង់ចាប ព្រៃវែង ស្វាយរៀង តាកែវ កំពត ព្រះសីហនុ កណ្ដាល កំពង់ស្ពឺ កំពង់ឆ្នាំង និងរាជធានីភ្នំពេញ អាចមានភ្លៀងកក់ខែពីតិចទៅបង្គួរ។ បន្ទាប់ពីនោះដល់ថ្ងៃទី៥ ខែឧសភា បណ្ដាខេត្តមួយចំនួន អាចមានភ្លៀងកក់ខែ ក្នុងកម្រិតពីខ្សោយទៅមធ្យម។ ក្រសួងក៏បានឲ្យសាធារណជនប្រុងប្រយ័ត្នខ្ពស់ ចំបោះបាតុភូតផ្គររន្ទះ និងខ្យល់កន្ត្រាក់ ដែលអាចកើតមានឡើងជាយថាហេតុ៕