មិត្តចិនឲ្យកម្ពុជា៦០០លានយ័នលើកកម្ពស់វិស័យការពារជាតិ

0

ភ្នំពេញ៖ក្នុងជំនួបជាមួយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជានៅព្រឹកនេះ លោក ស៊ី ជិនពីង ប្រធានាធិបតីចិន បានប្រកាសផ្ដល់ថវិកា៦០០លានយ័នលើកកម្ពស់វិស័យការពារជាតិ។
ក្នុងឱកាសនោះសម្តេចតេជោ ក៏បានជម្រាបជូនលោកប្រធានាធិបតី ថាកម្ពុជាកំពុងធ្វើការកែទម្រង់ផ្ទៃក្នុងដើម្បីធ្វើយ៉ាងណាឲ្យកម្ពុជាមានលក្ខណៈប្រកួតប្រជែង ក្នុងគោលបំណងសម្រួលដល់ការធ្វើពាណិជ្ជកម្ម របស់អ្នកវិនិយោគិនបរទេសនៅក្នុងប្រទេសកម្ពុជា។ សម្ដេចក៏បានស្នើដល់ក្រុមហ៊ុនចិនមកធ្វើពាណិជ្ជកម្មនៅក្នុងប្រទេសកម្ពុជាជាបន្តទៀត ជាពិសេសយ៉ាងណាឲ្យទីផ្សារចិនមានការបើកចំហជាងមុនសម្រាប់ការនាំចូលផលិតផលកសិផលពីប្រទេសកម្ពុជាផងដែរ ដើម្បីរក្សានូវទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។
លោកប្រធានាធិបតីចិន ស៊ី ជីនពីង បានមានប្រសាសន៍ថា កម្ពុជា និងចិនជាមិត្តដ៏ល្អនឹងគ្នា។ ប្រទេសយើងទាំង២បានចុះហត្ថលេខាលើឯកសារសំខាន់ៗ ជាពិសេសកិច្ចសហប្រតិបត្តិការរួមគ្នាដែលយើងអាចបន្តធ្វើការងារជាមួយគ្នាតាមផែនការសកម្មភាព ហើយយើងត្រូវតែបន្តថែទាំមិត្តភាពនៃប្រទេសទាំងពីរអោយបានល្អ។
លោក ស៊ីជិនពីង ក៏បានលើកឡើងអំពីព្រះរាជទស្សនកិច្ចរបស់ សម្ដេចព្រះនរោត្តមសីហមុនី ដែលព្រះអង្គនឹងត្រូវយាងមកប្រទេសចិនដើម្បីចូលរួមកិច្ចប្រជុំសំខាន់ៗមួយនៅពាក់កណ្តាលខែឧសភាខាងមុខនេះ។ ពាក់ព័ន្ធនឹងគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវនេះ គឺចិន នឹងជំរុញការកសាងក្នុងតំបន់សេដ្ឋកិច្ចដូចជាការកសាងព្រលានយន្តហោះ ផ្លូវល្បឿនលឿន ជាពិសេសក្នុងការនាំចូលអង្ករពីប្រទេសកម្ពុជាតាមគោលការណ៍ដែលផ្ដល់ជូន៕