ក្រសួងទេសចរណ៍កម្ពុជានិងធនាគារចិន ចុះMOU៥ចំណុច លើកិច្ចសហប្រតិបត្តិការទេសចរណ៍

0

ភ្នំពេញ៖ក្នុងដំណើរចូលរួម «វេទិកាខ្សែក្រវាត់ និងផ្លូវលើកទី២ សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ» កាលពីរសៀលថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៩ លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍កម្ពុជា បានចុះអនុស្សារណៈនៃការយោគយល់គ្នា ជាមួយលោក LIN JINGZHEN អនុប្រធានប្រតិបត្តិរបស់ធនាគារចិន (Bank of China) លើកិច្ចសហប្រតិបត្តិការ ទេសចរណ៍ ឆ្នាំ២០១៩-២០២១ ។
យោងតាមបណ្ដាញ ទំនាក់ទំនងសង្គម ហ្វេសប៊ុករបស់ក្រសួងទេសចរណ៍បានឲ្យដឹងថា
អនុស្សារណៈនៃការយោគយល់គ្នានេះ គឺឆ្លើយតបនឹងសកម្មភាពនៃការជំរុញ កិច្ចសហប្រតិបត្តិការ និងអបអរឆ្នាំវប្បធម៌ ទេសចរណ៍ កម្ពុជា-ចិន ២០១៩ ដែលអត្ថន័យផ្តោតសំខាន់ទៅលើការងារ៖
១. ការបង្កើតផលិតផល ទីផ្សារ និងផ្សព្វផ្សាយ។
២. ជួយសម្រួលការបង្កើតការបង់ប្រាក់តាមប្រព័ន្ធអនឡាញ ឬតាមប្រព័ន្ធឌីជីថល ដូចជា Union Pay, WeChat Pay, AliPay ដើម្បីដាក់ឲ្យប្រើបា្រស់ដោយប្រតិបត្តិករទេសចរណ៍ ដូចជា សណ្ឋាគារ ភោជនីយដ្ឋាន ទីភ្នាក់ងារទេសចរណ៍ និងនៅតាមគោលដៅទេសចរណ៍ផ្សេងៗ ដើម្បីឲ្យស្របតាមតម្រូវការវិស័យទេសចរណ៍ក្នុងប្រទេសកម្ពុជា ជាពិសេសសម្រាប់ភ្ញៀវទេសចរចិន។
៣. ជំរុញការតភ្ជាប់ផ្លូវអាកាសទៅគោលដៅទេសចរណ៍សំខាន់ៗ។
៤. ការបណ្តុះបណ្តាលធនធានមនុស្ស និងការអភិវឌ្ឍសមត្ថភាពមន្រ្តីសាធារណៈ។
៥. ជំរុញ និងលើកទឹកចិត្តឲ្យមានការប្រើប្រាស់រូបិយបណ្ណយ័នក្នុងវិស័យទេសចរណ៍ និងសកម្មភាពផ្សេងៗទៀត ដើម្បីគាំទ្រ និងជំរុញដល់ការអភិវឌ្ឍវិស័យទេសចរណ៍នៅកម្ពុជា៕