ផ្លូវល្បឿនលឿនពីភ្នំពេញទៅកាន់ខេត្តព្រះសីហនុនឹងជួយពង្រឹងសេដ្ឋកិច្ចកម្ពុជាឲ្យកាន់តែរឹងមាំ

0

«ក្រុងភ្នំពេញ»៖សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាបានលើកឡើងថាសមិទ្ធផលផ្លូវល្បឿនលឿនពីភ្នំពេញទៅកាន់ខេត្តព្រះសីហនុលើគម្រោងថវិកា២ពាន់លានដុល្លារ ដែលចាប់ផ្តើម បើកការដ្ឋានសាងសង់នៅថ្ងៃនេះ គឺនឹងជួយពង្រឹងសេដ្ឋកិច្ចជាតិឲ្យកាន់តែរឹងមាំ។

នៅព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩នេះ ក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវល្បឿនលឿន(Expressway) ភ្នំពេញ-ក្រុងព្រះសីហនុ ដោយត្រូវចំណាយថវិកាសាងសង់ប្រមាណ ២ពាន់លានដុល្លារអាមេរិក ជាទុនវិនិយោគរបស់ក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (CRBC)សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាបានថ្លែងបញ្ជាក់ថា”យើងពិតជាត្រេកអរនិងអរគុណចំពោះសហគមន៍អន្តរជាតិមួយចំនួនដែលបានផ្តល់នូវភាពអនុគ្រោះដល់ការរីកលូតលាស់នៃសេដ្ឋកិច្ចកម្ពុជា។

ច្បាស់ណាស់ បើយើងចង់ក្លាយជាអ្នកមានពិតប្រាកដ គឺត្រូវខិតខំតស៊ូប្រឹងធ្វើអោយបានដោយខ្លួនឯង ទើបអាច ធ្វើជាអ្នកមានបាន”។
មុនសម្រេចសាងសង់ផ្លូវនេះ គឺត្រូវចំណាយពេលសិក្សាអស់ជាច្រើនឆ្នាំ តាំងពីឆ្នាំ២០០៦មកម្ល៉េះ។
ដំបូងឡើយរាជរដ្ឋាភិបាលកម្ពុជាគ្រោងខ្ចីថវិការបស់រដ្ឋាភិបាលចិន ដើម្បីសាងសង់ផ្លូវនេះ តែដោយសារគម្រោងត្រូវការថវិការហូតដល់ ២ពាន់លានដុល្លារអាមេរិក ដែលធំជាងពិដាននៃការខ្ចីប្រចាំឆ្នាំអនុញ្ញាតដោយច្បាប់ និងកំណត់នៅក្នុងយុទ្ធសាស្ត្រ ស្តីពីការគ្រប់គ្រងបំណុលសាធារណៈ២០១៥-២០១៨ ក៏សម្រេចឲ្យមានការវិនិយោគតាមរូបភាពសាងសង់ ធ្វើអាជីវកម្ម និងផ្ទេរ ជំនួសវិញ។

ផ្លូវនេះ តាមសំណើរបស់រាជរដ្ឋាភិបាលកម្ពុជា ពេលដាក់អោយដំណើរការនោះ ក្រុមហ៊ុនក៏បានឯកភាពមិនយកថ្លៃយានយន្តគ្រប់ប្រភេទដែលបើកបរលើផ្លូវល្បឿនលឿននេះ ក្នុងរយៈពេល១ ខែដំបូង និងបញ្ចុះតម្លៃ២០% សម្រាប់រយៈពេល១ឆ្នាំថែមទៀត។ លើសពីនេះទៀត ក្រុមហ៊ុនបានយល់ព្រមកែសម្រួលកម្រៃសេវាឆ្លងកាត់ក្នុងរយៈពេល ៥ឆ្នាំម្តង នៃប្រតិបតិ្តការអាជីវកម្មរបស់ខ្លួនផងដែរ។

គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ មានប្រវែងសរុបជាង ១៩០គីឡូម៉ែត្រ តភ្ជាប់ពីភូមិ១ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដល់ភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ។ ផ្លូវនេះឆ្លងកាត់រាជធានីភ្នំពេញប្រវែង ៨.៣០គីឡូម៉ែត្រ ខេត្តកណ្តាល ប្រវែង ៩.១០គីឡូម៉ែត្រ ខេត្តកំពង់ស្ពឺប្រវែង ៨០.៨០គីឡូម៉ែត្រ ខេត្តកោះកុងប្រវែង ១.៩២គីឡូម៉ែត្រ និងខេត្តព្រះសីហនុប្រវែង ៨៩.៨៩គីឡូម៉ែត្រ៕