ភ្នំពេញ៖ មហាសេដ្ឋីស្រុកចិន និងជាប្រធានក្រុមហ៊ុន Alibaba គឺ លោក ចេក ម៉ា (Jack Ma) បានមកបំពេញទស្សនកិច្ចពេញមួយថ្ងៃនៅប្រាសាទនានាក្នុងតំបន់អង្គរ នឹងអាចក្លាយជាកាតាលីករដ៏សំខាន់មួយទៀត អាចទាក់ទាញ ជនល្បីៗលើលោក ហើយវាក៏ជារូបភាពផ្សព្វផ្សាយមួយឲ្យគ្រប់ជាតិសាសន៍មកលេងនៅលើទឹកដីអង្គរ ។
Jack Ma បានមកបំពេញទស្សនកិច្ចពេញមួយថ្ងៃនៅប្រាសាទនានាក្នុងតំបន់អង្គរ នាថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៩នេះ ចាត់ទុកជាថ្ងៃពិសេសមួយទៀត ដែលមហាសេដ្ឋីស្រុកចិន និងជាប្រធានក្រុមហ៊ុន Alibaba បានមកលេង។
ឯកឧត្តម សុខ សង្វារ អគ្គនាយករងនៃអាជ្ញាធរជាតិអប្សរា ដែលបានជូនដំណើរលោក ចេក ម៉ា ទស្សនាប្រាសាទអង្គរវត្តបានបញ្ជាក់ថា លោក ចេក ម៉ា ជាមនុស្សសុភាពគួរឲ្យគោរព។ ថ្វីត្បិតលោកជាមហាសេដ្ឋី តែឥរិយាបថរបស់លោកបានបង្ហាញនូវការគោរពផ្តល់តម្លៃយ៉ាងខ្លាំងចំពោះប្រាសាទខ្មែរ។ លោកបានសួរសំណួរនានាដែលពាក់ព័ន្ធនឹងការគ្រប់គ្រងប្រាសាទ ក្នុងភាពជាអ្នកចង់ចេះដឹងពិតប្រាកដ និងផ្តល់ការគោរពយ៉ាងជ្រាលជ្រៅចំពោះអង្គរ។
ឯកឧត្តមបន្តថា តាមការបញ្ជាក់របស់លោក ចេក ម៉ា លោកពិតជាស្ញើចសរសើរនូវភាពអស្ចារ្យនៃប្រាសាទខ្មែរ និងកោតសរសើរនូវការគ្រប់គ្រងរមណីយដ្ឋានអង្គរប្រកបដោយការទទួលខុសត្រូវខ្ពស់។ លោក បញ្ជាក់ថា លោកនឹងមកកាន់រមណីយដ្ឋានអង្គរនាឱកាសក្រោយទៀត ដោយការធ្វើដំណើររបស់លោកនាពេលនេះ គ្រាន់តែជាលើកដំបូងប៉ុណ្ណោះ តែច្បាស់ណាស់នឹងមានលើកទី២ ឬទី៣បន្តទៀត ។
ឯកឧត្តមជឿជាក់ថា តាមរយៈវត្តមានរបស់លោក ចេក ម៉ា ក៏ដូចជា បុគ្គលល្បីៗផ្សេងទៀតក្នុងពិភពលោកក្នុងការមកទស្សនារមណីយដ្ឋានអង្គរ ពិតជាធ្វើឲ្យភ្ញៀវទេសចរគ្រប់ជាតិសាសន៍ កាន់តែចាប់អារម្មណ៍ ហើយមកទស្សនារមណីយដ្ឋានអង្គរកាន់តែច្រើនឡើងៗជារៀងរាល់ឆ្នាំបន្ថែមទៀត ៕