ភ្នំពេញ ៖ លោក គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានបញ្ជាក់ថាក្នុងឆ្នាំ២០១៨កន្លងទៅ គយប្រមូលពន្ធបានជាង ២.៥០០លានដុល្លារ កើនឡើងជាង ៣២% បើប្រៀបធៀបនឹងឆ្នាំ២០១៧។
ថ្លែងក្នុងកិច្ចប្រជុំបូកសរុបការងារគយ និងរដ្ឋាករប្រចាំឆ្នាំ២០១៨ និងលើកទិសដៅឆ្នាំ២០១៩ នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៩ លោក គុណ ញឹម អះអាងថាសម្រាប់ឆ្នាំ២០១៨ ចំណូលសរុបមានប្រមាណ ២.៥០០ លានដុល្លារ កើនឡើងជាង ៣២% ធៀបនឹង ឆ្នាំ២០១៧។លទ្ធផលចំណូលនេះត្រូវប្រមាណជា ១២១,៤%នៃផែនការឆ្នាំដែលកំណត់ដោយច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងប្រចាំឆ្នាំ២០១៨។ បើប្រៀបធៀបនឹងឆ្នាំ២០១៧ លទ្ធផលចំណូលតាមប្រភេទពន្ធនិងអាករសំខាន់ៗដែលប្រមូលដោយគយមានកំណើនគួរឲ្យកត់សម្គាល់ ក្នុងនោះ ពន្ធគយ (ពន្ធនាំចូល)មានកំណើនជាង ១៨%, អាករពិសេសកើន ៤២,៤% និងអាករលើតម្លៃបន្ថែម (VAT)កើន៣០,៧%។
លោកបញ្ជាក់ថា ប្រភពចំណូលពន្ធ និងអាករសំខាន់ៗ រួមមាន ៖ទី១-យានយន្តនិងគ្រឿងចក្របានដើរតួនាទីប្រមាណជិត៤៦%នៃចំណូលសរុប ,ទី២-ប្រេងឥន្ធនៈនិងថាមពលប្រមាណ ២០%នៃចំណូលសរុប និង៣-ទំនិញចម្រុះនិងគ្រឿងសំណង់មានសមាមាត្រប្រមាណជាង ៣៤%នៃចំណូលសរុប៕