ភ្នំពេញ៖ ដើម្បីលើកកម្ពស់ម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ ដូចជាក្រូចពោធិ៍សាត់ជាដើម ក្រសួងពាណិជ្ជកម្ម គ្រោងនឹងយកក្រូចប្រភេទនេះចុះបញ្ជីម៉ាក ដើម្បីការពារផលប្រយោជន៍អ្នកផលិត និងជួយលើកកម្ពស់ជិវភាព ផលិតករឲ្យកាន់តែប្រសើរ ។នេះបើតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាន ។
លោក អប រ៉ាឌី ប្រធាននាយកដ្ឋានកម្មសិទ្ធិបញ្ញានៃក្រសួងពាណិជ្ជកម្ម បានឲ្យដឹងថាការចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្រ្តដល់ក្រូចពោធិ៍សាត់នេះ ដើម្បីជួយទប់ស្កាត់ក្នុងការក្លែងបន្លំប្រភពដើម និងជួយលើកកម្ពស់ជីវភាពដល់ផលិតករម្ចាស់ប្រភពទំនិញ ដើម្បីផ្គត់ផ្គង់ក្នុងស្រុក និងការនាំចេញទៅផ្សាក្រៅប្រទេស ដោយសារប្រទេសមួយចំនួនតម្រូវឲ្យទំនិញមានម៉ាកសម្គាល់ភូមិសាស្ត្រនេះ។
លោកកបានបន្តថា ក្រសួងបានចុះទៅបើកសិក្ខាសិលាផ្សព្វផ្សាយម៉ាកសម្គាល់ភូមិសាស្រ្តទំនិញអំពីក្រូចពោធិ៍សាត់-បាត់ដំបងដល់ភាគីពាក់ព័ន្ធ ដើម្បីសិក្សាមុននឹងយកទៅចុះបញ្ជីម៉ាកសញ្ញាសម្គាល់ភូមិសាស្រ្តទំនិញនាពេលអនាគត ដើម្បីជួយបង្កើនតម្លៃបន្ថែមមួយកម្រិតទៀតដល់ផលិតករ ខណៈបច្ចុប្បន្ននេះក្រូចពោធិ៍សាត់-បាត់ដំបងមានតម្លៃចន្លោះពី ២ម៉ឺន ទៅ៤ម៉ឺនរៀល ក្នុងមួយផ្លូន។
ក្រៅពីក្រូចពោធិ៍សាត់លោកបានគូសបញ្ជាក់ថាក្រសួងក៏បានកត់សម្គាល់ផងដែរនូវផលិតផលកសិកម្មមួយចំនួនទៀតដែលគ្រោងនឹងយកទៅចុះបញ្ជីម៉ាកសញ្ញាសម្គាល់ភូមិសាស្រ្តនាពេលអនាគតមានដូចជា ពងទាស្រែននោងនៅខេត្តតាកែវ ទុរេនកំពត និងប្រហុកសៀមរាបជាដើម៕