ភារកិច្ចកាំកុងត្រូលនៅតាមច្រកព្រំដែនត្រូវបានបញ្ចប់

0

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានចេញអនុក្រឹត្យថ្មីមួយ ស្តីពីការកែសម្រួលស្ថាប័នមានសមត្ថកិច្ចត្រួតពិនិត្យទំនិញនាំចេញ-នាំចូលដើម្បីសម្រួលពាណិជ្ជកម្មនិងពង្រឹងភាពប្រកួតប្រជែងកម្ពុជាដែលចាប់ផ្តើមអនុវត្តចាប់ពីថ្ងៃទី១ខែកុម្ភៈឆ្នាំ២០១៩តទៅដោយបញ្ចប់ភារកិច្ចអង្គភាពកាំកុងត្រូលនៅតាមច្រកព្រំដែនទាំងអស់ហើយប្រគល់សមត្ថកិច្ចត្រួតពិនិត្យទាំងអស់ទៅឲ្យគយជាអ្នកទទួលបន្ទុក។


យោងតាមអនុក្រឹត្យរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានឲ្យដឹងថា​ ត្រូវបានបញ្ចប់តួនាទី និងភារកិច្ចត្រួតពិនិត្យទំនិញនាំចេញ-នាំចូល របស់អគ្គនាយកដ្ឋានកម្ពុជាត្រួតពិនិត្យទំនិញ
នីហរ័ណ អាហរ័ណ និងបង្ក្រាបការក្លែងបន្លំ (កាំកុងត្រល) នៃក្រសួងពាណិជ្ជកម្ម ពីច្រកទ្វារអន្តរជាតិ ច្រកទ្វារព្រំដែនអន្តរជាតិ ច្រកទ្វារព្រំដែនទ្វេភាគី ច្រកទ្វារតំបន់ព្រំដែន ច្រកទ្វារកំពង់ផែសមុទ្រ តំបន់សេដ្ឋកិច្ចពិសេស ទីកន្លែងសន្និធិគយបណ្តោះអាសន្ននិងទីកន្លែងត្រួតពិនិត្យទំនិញនាំចេញ-នាំចូលផ្សេងទៀត នៅទូទាំងប្រទេសកម្ពុជា ។
អនុក្រឹត្យបញ្ជាក់ឲ្យដឹងបន្ថែមថា អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជានៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ គឺជាស្ថាប័នតែមួយគត់មានសមត្ថកិច្ចក្នុងការត្រួតពិនិត្យទំនិញនាំចេញ-នាំចូល នៅច្រកទ្វារអន្តរជាតិ ច្រកទ្វារព្រំដែនអន្តរជាតិ ច្រកទ្វារព្រំដែនទ្វេភាគី
ច្រកទ្វារតំបន់ព្រំដែន និងច្រកទ្វារកំពង់ផែសមុទ្រ តំបន់សេដ្ឋកិច្ចពិសេស ទីកន្លែងសន្និធិគយបណ្តោះអាសន្ន និងទីកន្លែងត្រួតពិនិត្យទំនិញនាំចេញ-នាំចូលផ្សេងទៀត។ ក្នុងករណីចាំបាច់ដែលត្រូវការជំនាញឯកទេស ជាក់លាក់ក្នុងការត្រួតពិនិត្យ ស្របតាមគោលការណ៍គ្រប់គ្រងហានិភ័យ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា អាចស្នើសុំកិច្ចសហការពីស្ថាប័នឯកទេសផ្សេងទៀតក្នុងការត្រួតពិនិត្យទំនិញនាំចេញ-នាំចូល ស្របតាមការកំណត់នៃលិខិតបទដ្ឋានជាធរមាន៕