ភ្នំពេញ៖ ដោយមានការលើកទឹកចិត្ត និងគាំទ្រពេញទំហឹង ពីសំណាក់ រដ្ឋបាលខេត្តព្រះសីហនុ អ្នកវិនិយោគិនជនជាតិថៃមួយរូប បានសំរេចចិត្តយ៉ាងក្លាហាន បង្កើតរោងចក្រកែច្នៃផ្លែឈើមួយ នៅលើផ្ទៃដី ១០ហិកតា ស្ថិតក្នុងភូមិសាស្រ្ត ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ( ជាប់ផ្លូវជាតិលេខ ៤ ) ។
យោងតាមហ្វេសប៊ុករបស់រដ្ឋបាលខេត្តព្រះសីហនុនៅថ្ងៃទី៣១មករានេះបានឲ្យដឹងថារោងចក្រនេះតាមគំរោងនឹងត្រូវចំណាយទឹកប្រាក់ប្រមាណ ៣លានដុល្លា និងមានសមត្ថភាពអាចកែច្នៃ ផ្លែស្វាយ ផ្លែល្ហុង ផ្លែសាវម៉ៅ ផ្លែម្នាស់ ផ្លែដូង…… បានពី ២០ ទៅ២៥ តោន ក្នុងមួយថ្ងៃ ។
ចំណែកលោក យន្ត មីន អភិបាលខេត្តព្រះសីហនុ បានឲ្យដឹងថានេះជាចំនុចដែល
លោកចង់បានក្នុងអណត្តិនេះ ។ នៅរវាង ៤-៥ ខែទៀត ក្រោយពីរោងចក្របានសាងសង់រួច លោកសង្ឃឹមយ៉ាងមុតមាំថា តាមរយៈវត្តមានរោងចក្រនេះ នឹងផ្ដល់ទីកន្លែងការងាចំនួន២០០កន្លែង ជាពិសេសធ្វើអោយកសិផលរបស់កសិករក្នុងខេត្តព្រះសីហនុ មានក្ដីសង្ឃឹមឡើងវិញ ដោយសារកន្លងមក នៅរៀងរាល់រដូវប្រមូលផល ផ្លែស្វាយ ផ្លែសាម៉ាវ … របស់ប្រជាកសិករ លក់ចេញក្នុងតំលៃមួយថោក សល់ស្អុយរលួយ ខាតឡុងចុង ធ្វើអោយពួកគាត់ គ្មានកំលាំងចិត្ត គ្មានជំនឿនឹងប្រកបរបរកសិកម្មតទៅទៀត៕