ADB នឹងជួយរៀបចំប្រព័ន្ធបណ្តុះបណ្តាលបច្ចេកទេស​និងវិជ្ជាជីវៈនៅកម្ពុជា

0

ភ្នំពេញ៖ ធនាគារអភិវឌ្ឍន៍អាស៊ី(ADB)នឹងជួយរៀបចំប្រព័ន្ធបណ្តុះបណ្តាល បច្ចេកទេស វិជ្ជាជីវៈ នៅកម្ពុជាដើម្បីឆ្លើយតបទៅនឹងការរីកចំរើនរបស់ប្រទេសជាតិ និងពិភពលោក។
ថ្លែងក្រោយជំនួបសម្តែងការគួរសមជាមួយលោកស្រី Suniya Durrani Jamal នាយកធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំកម្ពុជាកាលពីព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៩
នៅទីស្តីការក្រសួង លោក ពេជ សោភ័ន រដ្ឋលេខាធិការប្រចាំការ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ មានប្រសាសន៍ថា ចាប់ពីឆ្នាំ២០១៩នេះទៅ ADBនឹងជួយរៀបចំកម្មវិធីសិក្សា សង់អគារសិក្សាបន្ថែម បំពាក់សម្ភារៈរោងជាងទំនើប បណ្តុះបណ្តាលបន្ថែមដល់គ្រូ និងអ្នកដឹកនាំឲ្យមានសមត្ថភាពខ្ពស់ដើម្បីឲ្យស្របទៅតាមបច្ចេកវិទ្យាឌីជីថល និងបដិវត្តឧស្សាហកម្មបួនចុចសូន្យ។
លោករដ្ឋលេខាធិការបន្តថាការជួយរៀបចំប្រព័ន្ធបណ្តុះបណ្តាលរបស់ADBនេះគឺធ្វើឡើងតាមរយៈគម្រោងផែនការយុទ្ធសាស្ត្រ៥ឆ្នាំដែលនឹងចាប់ផ្តើមអនុវត្តនៅឆ្នាំ២០១៩-២០២៣ ខាងមុខនេះ ដើម្បីអភិវឌ្ឍន៍វិស័យបណ្តុះបណ្តាល បច្ចេកទេស វិជ្ជាជីវៈ នៅកម្ពុជាឲ្យកាន់តែប្រសើរឡើងថែមទៀត ។


លោកបានបញ្ជាក់ថាគម្រោងថ្មីនេះនឹងជួយដល់វិទ្យាស្ថានបណ្តុះបណ្តាលបច្ចេកទេស វិជ្ជាជីវៈ ចំនួន៥ដែលមាននៅរាជធានីភ្នំពេញ និងនៅតាមបណ្តាខេត្តដើម្បីឲ្យវិទ្យាស្ថានទាំងនោះបណ្តុះបណ្តាលជំនាញផ្សេងៗ​ដល់សិស្ស-និស្សិតឲ្យកាន់តែមានសមត្ថភាពខ្ពស់ថែមទៀតក្នុងការចូលរួមប្រកួតប្រជែងជាមួយយុវជននៅក្នុងតំបន់។
ជាមួយគ្នានេះដែរនៅឆ្នាំ២០១៩នេះក្រសួងនឹងធ្វើកំណែទំរង់វិស័យអប់រំបណ្តុះបណ្តាល បច្ចេកទេស វិជ្ជាជីវៈ
ដោយផ្តោតសំខាន់ទៅលើកក្តាហេដ្ឋារចនាសម្ព័ន្ធ យន្តការ និងបុគ្គលនៃអង្គភាពបណ្តុះបណ្តាលនីមួយៗដើម្បីបង្កើនប្រសិទ្ធភាព និងផលិតភាពការងារនៅក្នុងវិស័យនេះឲ្យកាន់តែប្រសើរឡើងថែមទៀត។ ទន្ទឹមនឹងនេះក្រសួងក៏នឹងធ្វើទំនើបកម្មផងដែរ ទៅលើកម្មវិធីសិក្សា ការពង្រឹងគុណភាពគ្រូ និងថ្នាក់ដឹកនាំនៅតាមអង្គភាពបណ្តុះបណ្តាលនានា ដើម្បីស្របទៅតាមការវិវត្តន៍នៃបដិវត្តឧស្សាហកម្មជំនាន់ទី៤ដែលផ្តោតសំខាន់ទៅលើការប្រើបច្ចេកវិទ្យាឌីជីថល។
គួរបញ្ជាក់ថា កន្លងមកក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអនុវត្តគម្រោងដែលជាហិរញ្ញប្បទាន របស់ធនាគារអភិវឌ្ឍន៍អាស៊ីមាន៖
១. Basic Skills Project ឆ្នាំ ១៩៩៥-២០០៣
២. គម្រោងអភិវឌ្ឍន៍វិស័យអប់រំ វគ្គ១ (ESDP I) ឆ្នាំ ២០០២-២០០៨
៣. គម្រោងអភិវឌ្ឍន៍វិស័យអប់រំ វគ្គ២(ESDP II) ឆ្នាំ ២០០៥-២០១០
៤. គម្រោងសាកល្បងបច្ចេកវិទ្យាក្រោយប្រមូលផល និងកម្មវិធីស្ពានចម្លងបន្តជំនាញ ឆ្នាំ២០០៩-២០១២
៥. គម្រោងពង្រឹងវិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (STVET) ឆ្នាំ២០១០-២០១៥
៦. គម្រោងអភិវឌ្ឍន៍វិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVETSDP) ឆ្នាំ ២០១៥-២០២១
៧. គម្រោងជំនាញសម្រាប់ការប្រកួតប្រជែង (S4C) ដែលនឹងអនុវត្តនៅឆ្នាំ២០១៩-២០២៤៕