ខ្ទឹមសនាំចូលពីចិនមានផ្ទុកសារធាតុគីមី​បង្កគ្រោះថ្នាក់រាប់តោនត្រូវបានដុតកំទេចចោល

0

ភ្នំពេញ៖ ខ្ទឹមសនាំចូលពីប្រទេសចិន ដែលមានផ្ទុកសារធាតុគីមី ប្រភេទថ្នាំពុលកសិកម្ម Disulfoton សម្រាប់ការពារសត្វល្អិត បំផ្លាញដំណាំ និងគ្រាប់ធញ្ញជាតិទម្ងន់ជាង ២៥តោនដែលសុទ្ធសឹងជាទំនិញបង្កផលប៉ះពាល់ដល់ប្រព័ន្ធសរសៃប្រសាទ ដូចជាធ្វើឱ្យអ្នកបរិភោគក្អួត រាគ ញ័រ ប្រកាច់ ប្រស្រីភ្នែករួមតូច និងពិបាកដកដង្ហើម ហើយអាចបណ្តាលឱ្យស្លាប់បាន ក្នុងករណីធ្ងន់ធ្ងរត្រូវដុតកំទេចចោលនៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៩នេះនៅទីលានចាក់សំរាមខេត្តព្រះសីហនុ ស្ថិតក្នុងភូមិអូរកំបុត ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ក្រោមអធិបតីភាព លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងលោក យន្ត​ មីន​ អភិបាលខេត្តព្រះសីហនុ ។

លោករដ្ឋមន្ត្រី បានលើកឡើងថា ការដុតកំទេចទំនិញថ្ងៃនេះ គឺដើម្បីឆ្លើយតបនឹងកង្វល់របស់ប្រជាពលរដ្ឋ និងអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានគូសបញ្ជាក់ថា «បញ្ហាសុវត្ថិភាព ចំណីអាហារនៅក្នុងប្រទេសកម្ពុជា គឺជាអតុល្យភាពទី១ ក្នុងចំណោមចំណុចអវិជ្ជមាន ឬអតុល្យភាពទាំង១២ ដែលត្រូវធ្វើការដោះស្រាយ»។

ទន្ទឹមគ្នានោះដែរ លោក ប៉ាន សូរស័ក្តិ ក៏បានសំណូមពរដល់មន្ត្រីសាខាកាំកុងត្រូលទាំងអស់ បន្តប្រឹងប្រែងត្រួតពិនិត្យទំនិញនៅលើទីផ្សារ និងនៅតាមហាងលក់ទំនិញនានាថែមទៀត ដើម្បីចូលរួមលើកកម្ពស់សុវត្ថិភាពម្ហូបអាហារ ជូនអ្នកប្រើប្រាស់នៅក្នុងប្រទេសកម្ពុជា ដោយអនុលោមតាមកម្មវិធីអភិក្រម ស្តីពី «ការគ្រប់គ្រងហានិភ័យ» ផ្អែកលើមូលដ្ឋានបច្ចេកទេស និងវិទ្យាសាស្រ្តច្បាស់លាស់៕