ភ្នំពេញ៖ដើម្បីបង្ការនិងទប់ស្កាត់ការប្រើប្រាស់លិខិតឆ្លងដែនការទូត មិនត្រឹមត្រូវតាមបេសកកម្ម រាជរដ្ឋាភិបាលកម្ពុជាបានចេញសារាចរណែនាំ ស្តីពីការផ្តល់លិខិតឆ្លងដែនការទូត ជូនដល់ជនបរទេសដែលជាទីប្រឹក្សា ឬជំនួយការ របស់ឥស្សរជនជាន់ខ្ពស់ ឬរបស់ក្រសួង ស្ថាប័ននានាដែលគ្មានសញ្ជាតិខ្មែរពីកំណើត។
យោងតាមរយៈសារាចរណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ស្ដីពី ការផ្ដល់លិខិតឆ្លងដែនការទូត ចេញនៅថ្ងៃទី៩ ខែមករា ឆ្នាំ២០១៩ បានឲ្យដឹងថាកន្លងមករាជរដ្ឋាភិបាលកម្ពុជា សង្កេតឃើញថា ឥស្សរជន និងក្រសួងស្ថាប័នមួយចំនួន បានតែងតាំងបុគ្គលដែលជាពលរដ្ឋបរទេស ឲ្យធ្វើជាទីប្រឹក្សា និងជំនួយការ ។ ក្នុងចំណោមបុគ្គលទាំងនោះ មានខ្លះបានចូលសញ្ជាតិខ្មែរ និងបានដាក់ពាក្យសុំប្រើប្រាស់ លិខិតឆ្លងដែនការទូត នៃព្រះរាជាណាចក្រកម្ពុជា ។ ដោយសង្កេតឃើញ ពីភាពមិនចាំបាច់ក្នុងការ ប្រើប្រាស់លិខិតឆ្លងដែនការទូត ក្នុងករណីបែបនេះ និងដើម្បីបង្ការ ទប់ស្កាត់ប្រើប្រាស់លិខិតឆ្លងដែនការទូត មិនត្រឹមត្រូវតាមបេសកកម្ម ស្របតាមអនុក្រឹត្យលេខ២០២ អនក្រ.បក. ចុះថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០០៨ ស្ដីពីការផ្ដល់ និងការប្រើប្រាស់លិខិតឆ្លងដែនការទូត និងលិខិតឆ្លងដែនផ្លូវការ រាជរដ្ឋាភិបាលសម្រេចធ្វើការណែនាំបន្ថែម អំពីបែបបទនៃការផ្ដល់ និងការប្រើប្រាស់លិខិតឆ្លងដែនការទូត លើចំណុច ៤សំខាន់ៗ ដូចខាងក្រោម៖
ទី១.លិខិតឆ្លងដែនការទូត នៃព្រះរាជាណាចក្រកម្ពុជា មិនត្រូវផ្ដល់ជូនទីប្រឹក្សា ឬជំនួយការដែលគ្មានសញ្ជាតិខ្មែរពីកំណើត របស់ឥស្សរជនជាន់ខ្ពស់ ឬរបស់ក្រសួង ស្ថាប័ននានាឡើយ លើកលែងតែក្នុងករណី ដែលរាជរដ្ឋាភិបាល យល់ថាចាំបាច់បំផុត ។
ទី២.រាល់ក្រសួង ស្ថប័ន មានភារកិច្ចប្រមូល លិខិតឆ្លងដែនការទូត ដែលក្រសួង ស្ថប័ននោះបាន ស្នើសុំជូនទីប្រឹក្សា និងជំនួយការរបស់ខ្លួន ដែលពុំមានសញ្ជាតិខ្មែរពីកំណើត ហើយប្រគល់លិខិតឆ្លងដែនទាំងនោះ ជូនក្រសួងការបរទេសខ្មែរ មិនឲ្យហួសពីរយៈពេល ១ខែ គិតចាប់ពីថ្ងៃចុះហត្ថលេខាលើសារាចរនេះ ។
ទី៣.ក្រសួងការបរទេសខ្មែរ មានភារកិច្ចពិនិត្យ ធ្វើមោឃភាពលិខិតឆ្លងដែនការទូត ដែលកន្លងមកត្រូវបាន ផ្ដល់ជូនបុគ្គល ដែលគ្មានសញ្ជាតិខ្មែរពីកំណើត ។
ទី៤.ក្រសួងមហាផ្ទៃ មានភារកិច្ចសហការ ទប់ស្កាត់ការប្រើប្រាស់លិខិតឆ្លងដែន ការទូតទាំងនោះសម្រាប់ ការចេញចូល នៅតាមច្រកទ្វារព្រំដែននានា នៃព្រះរាជាណាចក្រកម្ពុជា ទៅតាមការស្នើសុំរបស់ក្រសួងការបរទេស៕