ភ្នំពេញ ៖ បុរសម្នាក់បានចូលទៅសម្ងំលាក់ខ្លួននៅក្នុងលូមិនដឹងតាំងពីពេលណាស្រាប់តែកាលពីយប់ ថ្ងៃទី៩ ខែមករា ឆ្នាំ២០១៩នៅចំណុចផ្លូវព្រះមុនីរ៉េត សង្កាត់ទំនប់ទឹក ខណ្ឌចំការមនត្រូវបានប្រជាពលរដ្ឋប្រទះឃើញបង្កឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។
តាមប្រភពពីពលរដ្ឋដែលធ្វើដំណើរតាមផ្លូវបានឱ្យដឹងថា មុនពេលកើតហេតុ ពួកគាត់បានជិះម៉ូតូឆ្លងកាត់ទីនោះ ក៏ស្រាប់តែលឺសំឡេងបុរសម្នាក់មិនស្គាល់អត្តសញ្ញាណបានស្រែកហៅពីក្នុងលូ និងលើដៃខ្វៃៗឱ្យជួយ ស្របពេលនោះដែរ ពួកគាត់ក៏បានឈប់ម៉ូតូរកមើលក្នុងលូ ស្រាប់តែឃើញបុរសនោះសំងំនៅក្នុងលូមិនដឹងតាំងពីពេលណា បន្ទាប់ពីឃើញហេតុការណ៍នេះ ប្រជាពលរដ្ឋដែលនៅក្បែរនោះក៏បាននាំគ្នាគាស់គម្របលូ ដើម្បីបើកឱ្យបុរសរូបនោះចេញមកក្រៅ ។
បន្ទាប់ពីបានចេញពីក្នុងលូមកក្រៅហើយ បុរសរូបនោះហាក់បីដូចនិយាយវង្វេងវង្វាន់ថា រូបគេបានចូលទៅក្នុងលូអស់រយៈពេល១០ថ្ងៃមកហើយ រាល់ថ្ងៃហូបទឹកលូធ្វើជាអាហារ ។ក្រោយពេលកើតហេតុ បុរសរូបនោះ ត្រូវបានខាងមន្ទីរសង្គមកិច្ចមកទទួលយកទៅស្នាក់នៅ ៕


