ភ្នំពេញ៖ឧបនាយករដ្ឋមន្ដ្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ដ្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានធ្វើការប៉ាន់ស្មានជាបឋមថាអត្រាកំណើនសេដ្ឋកិច្ចរបស់កម្ពុជា ក្នុងឆ្នាំ២០១៨អាចសម្រេចបានក្នុងរង្វង់៧.៣%ដែលភាគច្រើនទទួលបានពីការកើនឡើងនៃវិស័យសំណង់។
ក្នុងពិធីបិទសន្និបាទបូកសរុបការងាររបស់ក្រសួងសាធារណការ កាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០១៩ ឧបនាយករដ្ឋមន្ដ្រី អូន ព័ន្ធមុនីរ័ត្ន បានបញ្ជាក់ថា រយៈពេលពីរទសវត្សរ៍ចុងក្រោយនេះកម្ពុជារក្សាបានស្ថានភាពម៉ាក្រូសេដ្ឋកិច្ចល្អប្រសើរនិងសម្រេចបាននូវកំណើនប្រចាំឆ្នាំជាមធ្យមក្នុងរង្វង់៧.៧%។អ្វីដែលគួរឲ្យកត់សម្គាល់កម្ពុជាបានចាកចេញពីឋានៈជាប្រទេសមានចំណូលទាប ទៅជាប្រទេសមានចំណូលមធ្យមកម្រិតទាបក្នុងឆ្នាំ២០១៥និងត្រូវបានចាត់ទុកថាជា “ខ្លាសេដ្ឋកិច្ច ថ្មីនៅអាស៊ី” ក្នុងឆ្នាំ២០១៦ ៕

