ភ្នំពេញ ៖ ក្រោយពេលបើករថយន្តទៅដល់កន្លែងស្ងាត់បុរសជនជាតិចិនម្នាក់ ត្រូវបានអ្នកបើករថយន្តរបស់ខ្លួនវាយប្លន់យកលុយអស់ ប្រមាណ១០ម៉ឺនដុល្លារអាមេរិក នៅព្រឹកថ្ងៃទី៩ ខែមករា ឆ្នាំ២០១៩ ស្ថិតនៅតាមផ្លូវលំភូមិសំរោង សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
ប្រភពព័ត៌មានបានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញឃើញបុរស២នាក់ ជិះរថយន្តមួយគ្រឿងម៉ាកព្រូស ពណ៌ស្លាទុំ ពាក់ស្លាកលេខភ្នំពេញ 2AW-1763 ។ លុះដល់ចំណុចផ្លូវស្ងាត់ ដោយមានផ្លូវជង្ហុកផងនោះ អ្នកបើករថយន្តដឹកចៅហ្វាយ ទាញចង្កូតធ្វើឲ្យរថយន្តហៀបនឹងធ្លាក់ខ្លួនបណ្តាលឱ្យចៅហ្វាយរបស់ខ្លួនបាត់ស្មារតីមួយភ្លែត ។ ភ្លាមនោះអ្នកបើកបរថយន្តក៏ឆ្លៀតឱកាសទាញយកកាបូបលុយរបស់ចៅហ្វាយជាជនជាតិចិន និងដាល់មួយដៃទៀត បណ្តាលឲ្យសន្លប់បាត់ស្មារតី រួចស្ពាយយកកាបូបលុយគេចខ្លួនបាត់ស្រមោល៕