ភ្នំពេញ ៖ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានប្តេជ្ញាចុះត្រួតពិនិត្យកន្លែងកែច្នៃរថយន្ដខុសបច្ចេកទេស ដើម្បីឈានទៅដល់បិទកន្លែងទាំងនោះឲ្យអស់នៅឆ្នាំ២០១៩នេះ។
ក្នុងពិធីបើកសន្និបាតបូកសរុបការងាររបស់ក្រសួងសាធារណការឆ្នាំ២០១៨ និងលើកទិសដៅការងារឆ្នាំ២០១៩ នៅថ្ងៃទី៩ ខែមករា ឆ្នាំ២០១៩ លោក ស៊ុន ចាន់ថុល បានថ្លែងបញ្ជាក់ថា “ខ្ញុំនឹងឲ្យមន្ទីរសាធារណការខេត្ត-ក្រុង២៥នេះ ត្រួតពិនិត្យ ហើយបិទកន្លែងកែច្នៃយានយន្ដដែលគ្មានច្បាប់ទំលាប់ត្រឹមត្រូវ ” ។
យោងតាមរបាយការណ៍របស់អគ្គលេខាធិការគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានឲ្យដឹងថា ត្រីមាសទី៣ ឆ្នាំ២០១៨ កន្លងមក ក្រុមការងារត្រួតពិនិត្យយានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេសថ្នាក់ជាតិ និងថ្នាក់ខេត្ត បានត្រួតពិនិត្យយានយន្តទូទាំងប្រទេសចំនួន ៥៥.៧៣៧គ្រឿង ក្នុងនោះបានកាត់ទ្រុងចំនួន១៦៦គ្រឿង,ដោះរានតក្រោយរថយន្តចំនួន១៨១គ្រឿងនិងរថយន្តគ្មានស្លាកលេខចំនួន១២៩គ្រឿង៕