ថៃគ្រោងពង្រីកការកែច្នៃដំឡូងនៅកម្ពុជាឲ្យបាន២០ម៉ឺនតោនក្រោយឆ្នាំ២០២០

0

ភ្នំពេញ៖ លោក Ho Ren Hua នាយកក្រុមហ៊ុន ធីដាប់ប៊លយូភីស៊ី អ៊ីនវេសមិន (ខេមបូឌា) ឯ.កនៃប្រទេសថៃបានអះអាងថានៅក្នុងឆ្នាំ២០២០ ក្រុមហ៊ុនមានគម្រោងពង្រីកការកែច្នៃដំឡូងមីពី ៤០០០០ ទៅ ៥០០០០តោន និងបង្កើនការកែច្នៃរហូតដល់ ២០០ ០០០តោន នៅពេលអនាគតខណៈក្រុមហ៊ុនមានគម្រោងបង្កើតចម្ការនិងដាំដំឡូងមីនៅលើផ្ទៃដីចំនួន ៤ ០០០ហិកតា នៅស្រុកសំរោង ខេត្តឧត្តរមានជ័យ ដោយខ្លួនឯងដើម្បីធានានូវនិរន្តភាពនៃការផ្គត់ផ្គង់។
លោក Ho Ren Hua នាយកក្រុមហ៊ុន ធីដាប់ប៊លយូភីស៊ី អ៊ីនវេសមិន (ខេមបូឌា) ឯ.កបានលើកឡើងនៅថ្ងៃទី៨ ខែមករា ឆ្នាំ២០១៩ ក្នុងឱកាសជួបពិភាក្សាការងារជាមួយលោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទថាក្រុមហ៊ុនមានប្រភពមកពីប្រទេសថៃនិងបានបោះទុនវិនិយោគលើវិស័យកសិ-ឧស្សាហកម្មនៅកម្ពុជាដោយក្រុមហ៊ុនបានទទួលគោលការណ៍បង្កើតរោងចក្រកែច្នៃដំឡូងមី ពីក្រសួងឧស្សាហកម្ម និងសិប្បកម្ម តាំងពីចុងឆ្នាំ២០១៧មកម៉្លេះ។បច្ចុប្បន្នក្រុមហ៊ុនកំពុងបញ្ចប់ការសាងសង់រោងចក្រនិងត្រៀមលក្ខណៈក្នុងការដំណើរការកែច្នៃក្នុងពេលឆាប់ៗខាងមុខ។
នាឱកាសនោះលោក រដ្ឋមន្រ្តី បានសម្តែងនូវក្តីសាទរចំពោះក្រុមហ៊ុន ដែលបានបោះទុនវិនិយោគនៅកម្ពុជា ហើយ ឯកឧត្តមរដ្ឋមន្រ្តី ក៏សូមគាំទ្រដល់ការបង្កើតចម្ការ និងដាំដំឡូងមីនៅកម្ពុជាផងដែរ។
លោករដ្ឋមន្រ្តី បានណែនាំក្រុមហ៊ុនឱ្យអនុវត្តនូវផលិតផកម្មតាមកិច្ចសន្យា ដោយធ្វើការកំណត់ទីតាំងដាំដុះដែលមានសក្តានុពលសម្រាប់ដំណាំដំឡូងមី ទន្ទឹមនឹងនេះបណ្តាខេត្តដែលមានព្រំប្រទល់ជាប់ខេត្តឧត្តរមានជ័យក៏មានសក្តានុពលសម្រាប់ដំណាំនេះផងដែរ៕