ភ្នំពេញ ៖នារីជាគូដណ្តឹងកើតទុក្ខមិនសុខចិត្ត ដោយសារតែខាងប្រុសមិនសូវទៅលេងផ្ទះខាងស្រី ក៏កើតក្តីប្រចណ្ឌខាងប្រុសតាមរករឿងដល់ផ្ទះជួល ព្រោះខ្លាចខាងប្រុសជាគូដណ្តឹងមានស្រីថ្មីបង្កជាហិង្សាក្តិចខ្ញាំដោយក្រចកដៃទៅលើបុរសជាគូដណ្តឹងបណ្តាលឲ្យដាច់រលាត់ កាលពីវេលាម៉ោង៨យប់ ថ្ងៃទី៥ ខែមករា ឆ្នាំ២០១៩ ។
បុរសឈ្មោះ ឆោម សុផល អាយុ២៤ឆ្នាំ ជាកម្មកររោងចក្រ ស្នាក់នៅបន្ទប់ជួលក្នុងនៅភូមិជម្ពូវ័ន សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ ចំណែកនារីម្នាក់ឈ្មោះ ឈាង ចន្ថា អាយុ២៣ឆ្នាំ ជាកសិករនៅភូមិចម្ការហ្លួង ឃុំវាំងចាស់ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ត្រូវជាគូដណ្តឹងនឹងគ្នា។
តាមសម្តីសាច់ញាតិខាងប្រុសបានឲ្យដឹងថា បុរសនិងនារីទាំង២នាក់ខាងលើ បានភ្ជាប់ពាក្យនឹងគ្នារួចហើយ កាលពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៨កន្លងមក តែចាស់ទុំសងខាងមិនទាន់បានរើសពេលវេលាសម្រាប់រៀបអាពាហ៍ពិពាហ៍នៅឡើយទេ ដោយហេតុផលទុកឲ្យកូនកម្លោះកូនក្រមុំសន្សំលុយឱ្យបានសមល្មមអាចធ្វើពិធីមង្គលការបាន ទើបរកវេលាចូលរោងការជាក្រោយ ។
ប្រភពដដែលបន្តឲ្យដឹងថា ក្នុងរយៈពេល៥ខែ៤ថ្ងៃ គិតមកដល់ថ្ងៃកើតហេតុ ភាគីខាងប្រុសធ្លាប់បានទៅលេងដល់ផ្ទះខាងស្រី៣ដងដែរ តែដោយសារជាប់រវល់នឹងការងារខិតខំសន្សំលុយសម្រាប់រៀបការ ទើបអាក់ខានទៅលេងផ្ទះនាងជាគូដណ្តឹង តែក្នុងក្រអៅបេះដូងមិនបានគិតបែកចិត្តឃ្លាតពីនាងឡើយ សំខាន់គឺខាងប្រុសខំសន្សំរកលុយដោយមិនចាប់អារម្មណ៍ ហើយក៏មិននឹកស្មានដល់ថា គូដណ្តឹងរបស់គេ ស្រឡាញ់រូបគេ យ៉ាងនេះសោះ ។ ស្រាប់តែនៅយប់ថ្ងៃទី៥ ខែមករា លេចមុខនាងជាគូដណ្តឹងរួមដំណើរជាមួយសាច់ញាតិ មកដល់បន្ទប់ជួលហើយរករឿងនិងចោទប្រកាន់រូបគេថា បែកចិត្តពីនាងទើបអត់ទៅលេងដល់ផ្ទះ និងសង្ស័យថា មានស្រីថ្មី ហើយនាងជាគូដណ្តឹងទាមទារដោះយកខ្សែ.ក ខ្សែដៃ និងចិញ្ចៀនប្លាទីនរបស់គេផ្ទាល់ ដែលទ្រព្យសម្បតិ្តទាំងនេះ ពុំមានពាក់ព័ន្ធនឹងលុយកាក់មួយរៀលជាមួយគ្នា សរុបជាទឹកប្រាក់ជាង៥០០ដុល្លារ ។ចំណែកខាងនារីជាគូដណ្តឹង ក្រោយពីដោះយកគ្រឿងអលង្ការពីភាគីខាងប្រុសហើយ បានទៅប្តឹងនគរបាលប៉ុស្តិ៍ចោមចៅ៣ទៀត តែពេលទៅដល់មន្ត្រីនគរបាលសាកសួរ មិនទាន់ដឹងរឿងហេតុផលផង ស្រាប់តែនាំគ្នាគេចខ្លួនបាត់អស់ ៕