សាលាក្រុងចេញមុខអះអាងថាគ្មានការរុះរើផ្សារដើមគរនោះទេ

0
ភ្នំពេញ៖ក្រោយពីគណៈរដ្ឋមន្រ្តីបានចេញស.ជ.ណបង្កើតផ្សារបន្លែលើផ្ទៃដី២០ហិកតានៅបឹងតាមោកជំនួសឲ្យផ្សារដើមគរ លោក នួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញបានចេញមុខអះអាងថាគ្មានការរុះរើផ្សារដើមគរឡើយ។
នៅព្រឹកថ្ងៃទី៤ ខែមករា ឆ្នាំ២០១៩ ក្នុងសន្និសីទសារព័ត៌មានបកស្រាយករណីចម្រូងចម្រាស់នេះ លោក នួន ផារ័ត្ន អភិបាលរងសាលារាជាធានីភ្នំពេញបានអះអាងថា “សូមជម្រាបជូនដល់បងប្អូនប្រជាពលរដ្ឋទូទៅ ក៏ដូចជាបងប្អូនអាជីវករ នៅផ្សារដើមគរឲ្យបានជ្រាបថា រដ្ឋបាលរាជធានីភ្នំពេញ មិនបានធ្វើការវិនិយោគ ឬក៏ធ្វើការរុះរើផ្សារដើមគរនោះទេ” ។
គួរបញ្ជាក់ថាបើយោងតាមលិខិតរបស់ទីស្ដីការគណៈរដ្ឋមន្រ្តីដែលចុះហត្ថលេខាដោយ លោក ប៊ុន អ៊ុយ រដ្ឋលេខាធិការ ទីស្តីការគណៈរដ្ឋមន្រ្តី កាលពីថ្ងៃទី២ ខែសីហា ឆ្នាំ២០១៨ បានឲ្យដឹងថា “រាជរដ្ឋាភិបាលបានយល់ព្រម ជាគោលការណ៍យកដី ចំនួន២០ហិកតា នៅបឹងតាមោក ដើម្បីសាងសង់ជាផ្សារផ្គត់ផ្គង់បន្លែ ផ្លែឈើ និងជាចំណតរថយន្តនិងអនុញ្ញាតរើផ្សារបន្លែពីផ្សារដើមគរទៅផ្សារថ្មីនៅបឹងតាមោកវិញ”៕