ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជាត្រៀមចំណាយថវិការហូតដល់ជាង ៣លានដុល្លារសំរាប់ការស្ថាបនានិងស្ដារប្រព័ន្ធលូទឹកកង្វក់នានានៅក្នុងខេត្តព្រះសីហនុដើម្បីទប់ស្កាត់ការបង្ហូរទឹកកង្វក់ដោយផ្ទាល់ចូលទៅក្នុងសមុទ្រធានាការពារបរិស្ថានធ្វើអោយទឹកសមុទ្ររក្សាបាននៅភាពស្អាត។នេះបើយោងតាមគេហរទំព័រក្រសួងព័ត៌មាន។
ឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ារដ្ឋមន្រ្តីក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ បានអះអាងថា ក្រសួងមានថវិកាគ្រប់គ្រាន់ហើយសម្រាប់ការស្ថាបនាប្រព័ន្ធលូចំរុះទឹកស្អុយមួយចំនួននៅក្នុងខេត្តព្រះសីហនុ ដើម្បីកាត់បន្ថយការបង្ហូរទឹកស្អុយ ឬជាតិពុលអោយផ្ទាល់ចូលទៅក្នុងសមុទ្រ។ការស្ថាបនាប្រព័ន្ធចំរុះទឹកកង្វក់នៅខេត្តព្រះសីហនុនេះគឺដើម្បីដោះស្រាយជាបន្ទាន់ចំពោះបញ្ហាការបំពុលរិស្ថាននៅក្នុងខេត្តនេះ។ជាក់ស្តែងបច្ចុប្បន្ននៅខេត្តព្រះសហនុមានការបង្ហូរទឹកស្អុយចេញពីប្រព័ន្ធលូនានាដោយផ្ទាល់ចូលទៅក្នុងទឹក សមុទ្រ ដែលធ្វើឲ្យទឹកសមុទ្រ មានខ្លិនស្អុយប៉ះពាល់ដល់បរិស្ថាននិងប៉ះពាល់ដល់សុខភាពស្បែកប្រជាពលរដ្ឋដែលមកមុជទឹកសមុទ្រ ក៍ដូចជាប៉ះពាល់ដល់កិត្តិយស និងកិត្តិនាម ដែលជាឆ្នេរសមុទ្រស្អាតរបស់កម្ពុជា ។
លោកបន្តថា ក្រសួងនឹងជំរុញការសាងសង់ស្ថានីយ៍បូមទឹកនិងចម្រុះទឹកកង្វក់ចំនួន ៤កន្លែង អោយរួចរាល់មុនចូលឆ្នាំខ្មែរ ដើម្បីធានាឲ្យប្រជាពលរដ្ឋបានទៅកលេងកំសាន្តនៅខេត្តព្រះសីហនុអោយបានច្រើនឡើងវិញ។
សំលេង៖ បើទឹកនៅហូរកង្វះចឹងយ៉ាប់ហើយ តែមិនអីទេយើងធ្វើទាន់ ធ្វើទាំងថ្ងៃទាំងយប់លុយយើងមានហើយគឺយើងបើកភ្លើងធ្វើទាំងយប់ សណ្ឋាគារគេធ្វើមួយអាទិត្យពីរជាន់ យើងគ្រាន់តែធ្វើលូរបួននិងវាមិនពិបាកទេ យើងប្រចាំការដាក់ភ្លើងធ្វើទាំងយប់ ។
សូមបញ្ជាក់ថា ចាប់ពីពេលនេះទៅ ដើម្បីដោះស្រាយបញ្ហាការបំពុលទឹកកង្វក់ដោយផ្ទាល់ចូលទៅក្នុងទន្លេ នឹងសមុទ្រ រាជរដ្ឋាភិបាលបានចេញគោលការណ៍ថ្មីដោយតម្រូវអោយម្ចាស់សណ្ឋាគារ អាហារដ្ឋាន ភោជនីយដ្ឋាន និងបុរី លំនៅដ្ឋានត្រូវ ត្រូវតែធ្វើប្លង់ប្រព្រឹត្តកម្មទឹកកខ្វក់មុននឹងបង្ហូរចូលលូសាធារណៈ ដើម្បីជួយកម្ចាស់ជាតិពុលចូលទៅក្នុងបរិស្ថាន៕