ភ្នំពេញ៖ មន្ទីរសម្រាកព្យាបាលនិងសម្ភព ឡាំ ប៊ុនថនធ្វេសប្រហែសក្នុងការសម្រាលកូន បណ្ដាលឲ្យម្ដាយ និងកូនក្នុងផ្ទៃត្រូវស្លាប់ យ៉ាងអណោចអធមបំផុត ។
យោងតាមហ្វេសប៊ុកឈ្មោះ Jenny Outver បញ្ជាក់ថា “នេះការធ្វេសប្រហែសយ៉ាងធំមួយ របស់គ្រូពេទ្យនៅមន្ទីពេទ្យ ទ្បាំ ប៊ុនថន ធ្វើឲ្យស្លាប់ទាំងម្តាយនិងកូនក្នុងផ្ទៃ ដោយទុកឲ្យអ្នកជំងឺតរង់ចាំយូរពេក សួរថាតើមាននរណាអ្នកទទួលខុសត្រូវ?” ។
ម្ចាស់ហ្វេសប៊ុករូបនេះបន្តថា អ្នកដែលឈឺចាប់បំផុតគឺក្រុមគ្រួសារ អ្នកបាត់បង់ដ៏ធំគឺជីវិតពីរ ម្តាយហើយនិងកូន លុយហើយនិងអាយុ របស់មនុស្សពីរនាក់ តើមួយណាសំខាន់ជាង លោកគ្រូពេទ្យ ។ បើប៉ះលើក្រុមគ្រួសាររបស់យើង សួរថាខ្លោចផ្សារប៉ុណ្ណា? ។
បើយោងតាមការចុះផ្សាយរបស់អង្គភាពព័ត៌មាន Fresh Newsបានឲ្យដឹងថាដ្ឋមន្ដ្រីក្រសួងសុខាភិបាល លោកសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង បានចាត់ឲ្យប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ លោកវេជ្ជបណ្ឌិត ងី មានហេង ចុះទៅស្រាវជ្រាវភ្លាមៗលើករណីស្លាប់ទាំងម្ដាយ និងកូនក្នុងផ្ទៃ ខណៈគាត់ឈឺពោះ ទៅសម្រាលកូននៅ «មន្ទីរសម្រាក និងព្យាបាល ឡាំ ប៊ុនថន» ដោយសាររង់ចាំគ្រូពេទ្យយូរពេក។
មជម្រាបថា ករណីខាងលើកនេះ ស្ត្រីរងគ្រោះឈ្មោះ យ៉េម មករា អាយុ៣៧ឆ្នាំ ជាកូនរបស់ក្រុមប្រឹក្សាសង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ជនរងគ្រោះមានទីលំនៅភូមិត្រពាំងទា សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ និងបច្ចុប្បន្នស្នាក់នៅភូមិត្រពាំងធ្នង់ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ។
ស្ត្រីរងគ្រោះ បានឈឺពោះសម្រាលកូន នៅវេលាម៉ោង៦៖០០នាទីព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៨ ក៏សម្រចដឹកទៅគ្លីនីក ឡាំ ប៊ុនថន ដែលមកដល់នៅម៉ោង៧៖០០នាទីព្រឹក ហើយពេលមកដល់គ្លីនីក បានចរចាជាមួយខាងគ្លីនីក តម្លៃ៦២០ដុល្លារ។ នៅវេលាម៉ោង៨៖០០នាទីព្រឹក ខាងគ្លីនីកដែលបានសម្របសម្រួល ខាងវះកាត់រួចហើយនោះ បែរមិនបានវះកាត់វិញ។
យោងតាមបងស្រីជីទូតរបស់ស្ដ្រីរងគ្រោះខាងលើបានឲ្យដឹងថា រហូតដល់ម៉ោង១១៖០០នាទីព្រឹក ជនរងគ្រោះបានសន្លប់ ហើយខាងគ្លីនីកថា មានអាការៈធ្ងន់ធ្ងរ ក៏បញ្ជូនទៅមន្ទីរពេទ្យខ្មែរ-សូវៀត។ មកដល់មន្ទីរពេទ្យខ្មែរ-សូវៀត ស្រាប់តែពេទ្យប្រាប់ថា ជនរងគ្រោះបានស្លាប់បាត់ហើយ គឺទាំងម្តាយ និងកូន ដែលមិនដឹងថា ដាច់ខ្យល់តាំងពីពេលណាទេ៕