ភ្នំពេញ ៖ កម្លាំងជំនាញផែនគរបាព្រហ្មទណ្ឌនៃស្នងការនគរបាលខេត្តព្រះសីហនុបានធ្វើការឃាត់ខ្លួនជនជាតិចិនចំនួន៤នាក់ករណីបង្ខាំងមនុស្សខុសច្បាប់។នេះបើយោងតាមអគ្គស្នងការនគរបាលជាតិ។
ប្រតិបត្តិការនេះបានធ្វើឡើងកាលពីថ្ងៃទី ២៥ ខែធ្នូ ឆ្នាំ២០១៨ ក្រោយប្រជាពលរដ្ឋបានរាយការណ៍ថា មានជនជាតិចិនម្នាក់ ភេទប្រុស បានលោតចេញពីផ្ទះវីឡាមួយ ដែលស្ថិតនៅ ភូមិ៥ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ដោយដៃមានជាប់ខ្នោះ មិនមានសម្លៀកបំពាក់ ស្លៀកតែខោលីអូរ រត់ចូលព្រៃបាត់ ។
បន្ទាប់ពីបានទទួលដំណឹងនេះភ្លាម កម្លាំងជំនាញផែននគរបាលព្រហ្មទណ្ឌ បានសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុង កម្លាំងប៉ុស្តិ៍នគរបាលសង្កាត់៤ បានចុះទៅផ្ទះវីឡានោះ ពេលទៅដល់ កម្លាំងសមត្ថកិច្ចបានឃើញជនជាតិចិន ៤នាក់ ប្រុសៗ នៅមុខផ្ទះវីឡានោះ កម្លាំងសមត្ថកិច្ចបានឃាត់ឲ្យពួកគេនៅស្ងៀម តែពួកគេបានព្យាយាមរត់ កម្លាំងសមត្ថកិច្ចក៏ដេញតាមចាប់ឃាត់ខ្លួនជនជាតិចិនទាំង ៤នាក់នោះតែម្តង បន្ទាប់មកកម្លាំងសមត្ថកិច្ចបានឲ្យពួកគេបើកសោរបងដើម្បីធ្វើរដ្ឋបាល តែពួកគេប្រាប់ថា កូនសោរនៅគ្នារបស់ពួកគេម្នាក់ទៀត រត់គេចខ្លួនបាត់ហើយ ។
ដោយមានការអនុញ្ញាតិពីលោកព្រះរាជ្ញា នៃអយការអមសាលាដំបូងខេត្តព្រះសីហនុ បានអោយកម្លាំងសមត្ថកិច្ចកាត់សោរ ដើម្បីធ្វើរដ្ឋបាលឆែកឆេរ ។ ជាលទ្ធផល កម្លាំងសមត្ថកិច្ចបានរកឃើញវត្ថុតាងមួយចំនួនដែលពាក់ព័ន្ធក្នុងករណីនេះ ។
ជនរងគ្រោះជាជនជាតិចិន ភេទប្រុស បានរត់ចូលទៅក្នុងព្រៃបាត់ កម្លាំងសមត្ថកិច្ចកំពុងធ្វើការស្វែងរក ។
ជនសង្ស័យចំនួន ៤នាក់៖១-ឈ្មោះ HUANG WU ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិចិន មុខរបរ បុគ្គលិកក្រុមចងការប្រាក់តាមកាស៊ីណូ មានទីលំនៅ ភូមិ៥ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ។២-ឈ្មោះ GUO PAN ហៅ A ZHENG ភេទប្រុស អាយុ ៣២ឆ្នាំ ជនជាតិចិន លិខិតឆ្លងដែនលេខៈ EC០៧៨៩៤១៣ មុខរបរ បុគ្គលិកក្រុមចងការប្រាក់តាមកាស៊ីណូ មានទីលំនៅ ភូមិ៥ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ ។៣-ឈ្មោះ ZHOU TAO TAO ហៅ XIAO YI ភេទប្រុស អាយុ ៣៥ឆ្នាំ ជនជាតិចិន មុខរបរ បុគ្គលិកក្រុមចងការប្រាក់តាមកាស៊ីណូ មានទីលំនៅ ភូមិ៥ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ។៤-ឈ្មោះ LU SHENMAN ហៅ A YUE ភេទប្រុស អាយុ ៣០ឆ្នាំ ជនជាតិចិន មុខរបរ បុគ្គលិកក្រុមចងការប្រាក់តាមកាស៊ីណូ មានទីលំនៅ ភូមិ៥ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ។
វត្ថុតាងចាប់យកបានរួមមាន៖ -ដំបងដែករលាស់ ២ដើម, -កន្ត្រៃ ១ , -ស្កុត ១ដុំ, -ខ្នោះដៃ ១គូ, -ស្រោមខ្នោះ ២, -ដៃស្មារខាលខោអាវ បត់រុំស្កុត ១, -ទូរស័ព្ទដៃចំនួន ៦គ្រឿង, -វ៉ាលីសសំលៀកបំពាក់ ៤ ក្នុងនោះមានសំលៀកបំពាក់មួយចំនួន, -កាបូបស្ពាយ ៣ ក្នុងនោះមានសំលៀកបំពាក់មួយចំនួន ។
សមត្ថកិច្ចបានឲ្យដឹងថា ករណីនេះកើតឡើងដោយសារជនរងគ្រោះបានខ្ចីលុយពីក្រុមជនសង្ស័យ ដើម្បីលេងល្បែងក្នុងកាស៊ីណូ ។ ពេលលេងចាញ់គ្មានលុយសង ក៏ត្រូវក្រុមជនសង្ស័យចាប់យកមកឃុំខ្លួននៅផ្ទះវីឡាកន្លែងកើតហេតុតែម្តង ។ លុះនៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៨ វេលាម៉ោង១៨និង០០នាទី ពេលក្រុមជនសង្ស័យកំពុងដេកលក់ ជនរងគ្រោះបានផ្លោះរបងរត់ចូលទៅក្នុងព្រៃបាត់ ហើយត្រូវបងប្អូនប្រជាពលរដ្ឋដែលនៅក្បែរនោះឃើញ ក៏រាយការណ៍ជូនសមត្ថកិច្ចតែម្តង ។
ចំពោះករណីនេះ ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល កសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមផ្លូវច្បាប់ ៕