ភ្នំពេញ៖ នៅទីបំផុតក្លិបភ្នំពេញក្រោន បានទទួលសំណងលើថ្លៃបណ្តុះបណ្តាល ផ្តល់ការស្នាក់នៅហូបចុក និងថ្លៃសិក្សា ចំពោះកីឡាករ ៥រូប ដែលបានផ្ទេរទៅកាន់ក្លិបវិសាខា កន្លងទៅនេះ។
យោងតាមផេកផ្លូវការបស់ភ្នំពេញក្រោនបានចុះព័ត៌មានថា ក្លឹបបាល់ទាត់ភ្នំពេញក្រោន មានក្តីរីករាយ និងសូមជម្រាបជូនសាធារណជនក៏ដូចជាអ្នកគាំទ្រឱ្យបានជ្រាបអំពីលទ្ធផលនៃដំណោះស្រាយជុំវិញវិវាទលើការផ្ទេរកីឡាករ ៥នាក់ដែលមានប្រភពមកពីក្រុមថ្នាលយុវជនភ្នំពេញក្រោនទៅកាន់ក្លឹបបាល់ទាត់វិសាខាដែលបានបង្កឱ្យមានភាពភ្ញាក់ផ្អើលជាខ្លាំងនៅក្នុងចំណោមអ្នកគាំទ្រវិស័យបាល់ទាត់កម្ពុជាក្នុងរយៈកាលប៉ុន្មានថ្ងៃកន្លងមកនេះ។
យ៉ាងណាក៏ដោយ ក្នុងស្មារតីនៃមហាគ្រួសារបាល់ទាត់កម្ពុជា ក្លឹបបាល់ទាត់ភ្នំពេញក្រោន មានក្តីសោមនស្សនឹងទទួលយកដំណោះស្រាយដូចដែលមានកំណត់នៅក្នុងសេចក្តីប្រកាសព័ត៌មានលេខ ១១៩/១៨ ស.ណ/ស.ប.ក ចុះថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៨ របស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ដោយក្លឹបបាល់ទាត់ភ្នំពេញក្រោន យល់ព្រមទទួលយកប្រាក់ឧបត្ថម្ភពីក្លឹបបាល់ទាត់វិសាខា ជាថ្លៃហូបចុក ស្នាក់នៅនិងបណ្តុះបណ្តាលលើកីឡាករទាំង ៥នាក់ស្របទៅតាមលទ្ធផលនៃការពិភាក្សាគ្នាកន្លងមក ព្រមទាំងអនុលោមទៅតាមការបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍របស់ក្លឹបបាល់ទាត់ភ្នំពេញក្រោនដែលបានធ្វើឡើងនាថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៨កន្លងមកផងដែរ។
ជាមួយគ្នានេះ ក្លឹបបាល់ទាត់ភ្នំពេញក្រោន ក៏សូមគាំទ្រចំពោះជំហររបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ដែលគ្រោងនឹងដាក់ឆ្លងពង្រាងច្បាប់ស្តីពីការគ្រប់គ្រង និងការផ្ទេរកីឡាករក្នុងស្រុក នៅក្នុងមហាសន្និបាតពេញអង្គរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជាដែលនឹងប្រព្រឹត្តទៅនៅដើមឆ្នាំ២០១៩ ខាងមុខនេះ ដើម្បីបំពេញនូវភាពចន្លោះប្រហោងនៃច្បាប់ និងការពារកុំឱ្យកើតមានអរិភាពដូចអ្វីដែលក្លឹបបាល់ទាត់ភ្នំពេញក្រោនទើបតែបានជួបប្រទះនោះ។ ជាងនេះទៅទៀត យន្តការគតិយុត្តិនេះនឹងធានានូវដំណើរអភិវឌ្ឍន៍នៃវិស័យបាល់ទាត់កម្ពុជា ជាពិសេសលើកទឹកចិត្តដល់បណ្តាក្លឹបបាល់ទាត់នានាចូលរួមយ៉ាងផុសផុលក្នុងការបណ្តុះបណ្តាលធនធានកីឡាករជំនាន់ក្រោយឱ្យបានកាន់តែច្រើនថែមទៀត ព្រមទាំងដើម្បីបញ្ចៀសនូវបញ្ហាណាមួយជាយថាហេតុនាពេលអនាគតពាក់ព័ន្ធនឹងការផ្ទេរកីឡាករក្នុងស្រុកដែលអាចនឹងត្រូវធ្វើឡើងដោយគ្មានតម្លាភាព ឬតាមរយៈរូបភាពអវិជ្ជមានណាមួយនោះ។
ក្លឹបបាល់ទាត់ភ្នំពេញក្រោន ក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសាធារណជន ពិសេសអ្នកគាំទ្រក្លឹបភ្នំពេញក្រោន និងបណ្តាញសារព័ត៌មាននានា ដែលបានតាមដានយ៉ាងយកចិត្តទុកដាក់លើករណីនេះដោយបានបង្ហាញឱ្យឃើញនូវការគាំទ្រដ៏ខ្លាំងក្លាចំពោះវិស័យកីឡាបាល់ទាត់កម្ពុជា។ តបស្នងចំពោះការគាំទ្រនេះ ក្លឹបបាល់ទាត់ភ្នំពេញក្រោនប្តេជ្ញានឹងខិតខំទ្វេដងក្នុងបេសកម្មអភិវឌ្ឍន៍វិស័យបាល់ទាត់ជាតិ ពិសេសលើការពង្រឹងសមត្ថភាពក្រុមថ្នាលយុវជនក្នុងនាមជាក្លឹបបាល់ទាត់ដែលបានបង្កើតក្រុមថ្នាលយុវជនមុនគេនៅក្នុងប្រទេសដើម្បីរួមចំណែកផលិតធនធានថ្មីៗកាន់តែច្រើនថែមទៀតស្របតាមទស្សនវិស័យរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជាក្រោមការដឹកនាំរបស់ ឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា ដែលតែងតែផ្តល់នូវការគាំទ្រយ៉ាងមុតមាំលើកិច្ចការអភិវឌ្ឍន៍វិស័យបាល់ទាត់នៅក្នុងប្រទេសកម្ពុជា៕