ភ្នំពេញ៖ក្រៅពីទីផ្សារការនាំចេញសម្លៀកបំពាក់ទៅកាន់សហភាពអឺរុបនិងសហរដ្ឋអាមេរិកនោះ លោក ប៉ាន សូរស័ក្ដិ រដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្មបានអះអាងថា កម្ពុជាកំពុងតែចាប់ដៃគូជាមួយប្រទេសរុស្ស៊ី ផ្ដោតសំខាន់ទៅលើសម្លៀកបំពាក់សម្រាប់រដូវរងារ អាវរោមសត្វ ឬអាវធំ ។នេះបើយោងតាមAKP។
ក្នុងពិធីបើកសន្និបាតបូកសរុបការងារពាណិជ្ជកម្មឆ្នាំ២០១៨ និងទិសដៅអនុវត្តន៍ការងារពាណិជ្ជកម្មឆ្នាំ២០១៩ កាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៨លោក ប៉ាន សូរស័ក្ដិ រដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្ម បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជា បានចាប់ដៃគូលើកិច្ចព្រមព្រៀងពាណិជ្ជកម្មអឺរ៉ុប-អាស៊ី ក្នុងនោះគឺផ្ដោតជាមួយ ប្រទេសរុស្ស៊ី បន្ទាប់ពីចរចារួចរាល់ហើយ កម្ពុជានឹងបើកទីផ្សារសម្លៀកបំពាក់សម្រាប់ រដូវរងារទៅកាន់ប្រទេសរុស្ស៊ី ដែលជាសក្ដានុពលក៏ដូចជាកាលានុវត្ដភាពរបស់កម្ពុជាផងដែរ។
លោកបានបញ្ជាក់ថា បន្ទាប់ពីទីផ្សាររុស្ស៊ី កម្ពុជាគឺសមាជិកនៃកិច្ចព្រមព្រៀងពាណិជ្ជកម្ម គ្រប់ជ្រុងជ្រោយដែលអាចចរចាចប់នៅឆ្នាំ២០១៩ខាងមុខនេះ ហើយនេះគឺជាទីផ្សារធំ មាន មនុស្សជាងពាក់កណ្ដាលពិភពលោក ដែលកម្ពុជាមានឱកាសនាំចេញទៅកាន់ប្រទេសផ្សេងៗជាច្រើនទៀតដូចជាប្រទេសចិន ឥណ្ឌា កូរ៉េខាងត្បូង ជប៉ុន អូស្រ្ដាលី និងប្រទេស ណូវែលសេឡង់។ លោករំពឹងថា ក្នុងឆ្នាំ២០១៩ខាងមុខ កម្ពុជានឹងមានភាពប្រកួតប្រជែង និងធ្វើការនាំចេញនូវផលិតផលបានច្រើនជាពិសេសការនាំចេញសម្លៀកបំពាក់សម្រាប់រដូវរងារដែលរហូតមកដល់ពេលនេះកម្ពុជាកំពុងចរចាបន្ដខិតខំជំរុញតាមនីតិវិធី និងយន្ដការនៃ ការសម្របសម្រួលទៅតាមប្រទេសនីមួយៗ។
យោងតាមរបាយការណ៍ក្រសួងពាណិជ្ជកម្មបានឱ្យដឹងថា ការនាំចេញរបស់កម្ពុជា មានកំណើនប្រមាណ១០ភាគរយ ក្នុងឆ្នាំ២០១៨ ដែលកំណើននេះទទួលបានពីការបន្តកើន ឡើង នៃវិស័យកាត់ដេរ និងការនាំចេញផលិតផលកសិកម្ម និងឧស្សាហកម្ម តាមរយៈការ ខិតខំបើកច្រកទីផ្សារ នាំចេញទៅកាន់ជាង១៤៧ ប្រទេស នៅទូទាំងពិភពលោក។ ចំពោះ ការនាំចេញនេះ មានទំហំប្រមាណជា ៦០ភាគរយ នៃ ផលិតផលក្នុងស្រុកសរុប របស់ កម្ពុជា៕