ភ្នំពេញ៖ លោក ប៉ាវ ស៊ីណា ប្រធានសហជីពចលនាកម្ពុជានៅថ្ងៃទី២៥ ខែ ធ្នូ ឆ្នាំ ២០១៨នេះបានស្នើឲ្យស្ថាប័នពាក់ព័ន្ធពន្លឿនការចុះដោះស្រាយខណៈកម្មកររោងចក្រប្រេស្ទីចហ្គាមេនប្រមាណ១០០បន្តធ្វើកូដកម្មទាមទារលក្ខខណ្ឌ១០ចំណុច។
លោក ប៉ាវ ស៊ីណា បានឲ្យដឹងតាមបណ្ដាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួនថា”
ខ្ញុំ សូមស្នើអោយ ស្ថាប័នពាក់ព័ន្ធ ត្រូវពន្លឿនការចុះដោះស្រាយជូនបងប្អូនកម្មករ ខណៈការទាមទាររបស់ពួកគាត់ សុទ្ធសឹងតែមាននៅក្នុងច្បាប់ ។ ម្យ៉ាងទៀត ស្ថាប័នពាក់ព័ន្ធមិនគួរបណ្តែតបណ្តោយអោយអ្នកគ្រប់គ្រងរោងចក្រនេះ បំពានច្បាប់ និងរំលោភសិទ្ធិកម្មករ ស្រេចនិងចិត្តនោះទេ”។
សូមរំលឹកថាកម្មកររោងចក្រប្រេស្ទីចហ្គាមេន ប្រមាណជិត១០០នាក់ ស្ថិតនៅភូមិជីមៅ ឃុំត្បែង ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាលកាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៨បាននាំគ្នាធ្វើកូដកម្មមុខរោងចក្រដើម្បីទាមទារឲ្យថៅកែទទួលយកថ្នាក់ដឹកនាំសហជីពដែលជាតំណាងពួកគេចូលធ្វើការវិញ បន្ទាប់ពីបញ្ឈប់ការងារនាពេលកន្លងមកហើយកូដកម្មនេះនៅតែបន្តធ្វើរហូតដល់ព្រឹកនេះ។
លក្ខខណ្ឌការងារ១០ចំណុចដែលកម្មករទាមទាររួមមាន៖ ១.សូមឲ្យក្រុមហ៊ុនទទួលយកលោក ហួន សុវ៉ិត ប្រធានសហជីពចលនាកម្មករប្រចាំរោងចក្រចូលធ្វើការវិញ , ២.ក្រុមហ៊ុនត្រូវធ្វើកាតបេឡារបបសន្តិសុខសង្គម (ប ស ស) ឲ្យកម្មករ-កម្មការិនី , ៣.ក្រុមហ៊ុនមិនត្រូវកាត់លុយនៅពេលកម្មករដាក់ច្បាប់កន្លះថ្ងៃ ហើយមិនត្រូវកាត់លុយថ្លៃបាយកន្លះខែនោះទេ , ៤.នៅពេលកម្មករឈឺ មានសំបុត្រពេទ្យត្រឹមត្រូវ ក្រុមហ៊ុនត្រូវរក្សាប្រាក់ឈ្នួលដដែល , ៥.នៅពេលកម្មករមានធុរៈចាំបាច់ ក្រុមហ៊ុនត្រូវរក្សាប្រាក់ឈ្នួល និងអត្ថប្រយោជន៍ផ្សេងៗ , ៦.ក្រុមហ៊ុនមិនត្រូវបង្ខិតបង្ខំកម្មករធ្វើការលើសពីសមត្ថភាព , ៧.ក្រុមហ៊ុនត្រូវបើកប្រាក់ថ្លៃបាយ រៀងរាល់មួយសប្ដាហ៍ម្ដង , ៨.ក្រុមហ៊ុនត្រូវប្ដូរកិច្ចសន្យាពី២ខែ ទៅ ៦ខែវិញ , ៩.ក្រុមហ៊ុនមិនត្រូវបង្ខំកម្មករធ្វើការមុនម៉ោងជាដាច់ខាត និង១០.ក្រុមហ៊ុនមិនត្រូវរើសអើងថ្នាក់ដឹកនាំ សហជីពចលនាកម្មករប្រចាំរោងចក្រ ៕