ភ្នំពេញ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិបានអញ្ជើញថ្នាក់ដឹកនាំជាន់ខ្ពស់នៃក្រសួងការពារជាតិ ចិន ថៃ ឡាវ និងវៀតណាម មកបំពេញទស្សនកិច្ចនៅកម្ពុជានិងចូលរួមសម្ពោធវិមានឈ្នះ ឈ្នះនាចុងខែធ្នូ ឆ្នាំ២០១៨នេះ។
នាយឧត្តមសេនីយ៍ ឈុំ សុជាតិ អ្នកនាំពាក្យក្រសួងការពារជាតិបានបញ្ជាក់តាមហ្វេសប៊ុកនៅថ្ងៃទី២៥ធ្នូនេះថាតបតាមការអញ្ជើញរបស់ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ ឧត្តមសេនីយ៍ទោ Ci Guowei អគ្គនាយក អគ្គនាយកដ្ឋានសហប្រតិបត្តិការយោធាអន្តរជាតិ គណៈកម្មាធិការយោធាមជ្ឈិមនៃសាធារណរដ្ឋប្រជាមានិតចិន, នាយឧត្តមសេនីយ៍ ង៉ូ ស៊ុនលិច្ស រដ្ឋមន្រ្តីការពារប្រទេស នៃសាធារណរដ្ឋសង្គមនិយមវៀតណាម, ឧត្តមសេនីយ៍ឯក ចាន់ សាម៉ន ចាន់ញ៉ាឡាត់ រដ្ឋមន្រ្តីការពារប្រទេស នៃសាធារណរដ្ឋប្រជាធិបតេយ្យ ប្រជាមានិតឡាវ, នាយឧត្តមសេនីយ៍ Prawit Wongsuwon ឧបនាយករដ្ឋមន្រ្តីរដ្ឋមន្រ្តីក្រសួងការពារជាតិ នៃព្រះរាជាណាចក្រថៃ នឹងដឹកនាំគណៈប្រតិភូមកបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា នៅចុងខែធ្នូ ឆ្នាំ២០១៨នេះ ដើម្បីចូលរួមសម្ពោធវិមានឈ្នះ ឈ្នះ នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៨ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។
ក្រៅពីចូលរួមសម្ពោធវិមានឈ្នះ ឈ្នះ, អំឡុងពេលបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា ពីថ្ងៃទី២៨ ដល់ ៣១ ខែធ្នូ ឆ្នាំ២០១៨នោះ អគ្គនាយក អគ្គនាយកដ្ឋានសហប្រតិបត្តិការយោធាអន្តរជាតិ គណៈកម្មាធិការយោធាមជ្ឈិមនៃសាធារណរដ្ឋប្រជាមានិតចិន នឹងមានកម្មវិធីមួយចំនួនទៀតរួមមានកម្មវិធីចូលជួបសម្តែងការគួរសមសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ, ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក, នាយឧត្តមសេនីយ៍សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ បញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងនាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ បញ្ជាការដ្ឋានអង្គរក្ស។ ក្រៅពីនេះ ឧត្តមសេនីយ៍ទោ នឹងចូលរួមកិច្ចប្រជុំលើកទី៣ រវាងក្រុមការងារពិធីសារជំនួយយោធាកម្ពុជា-ចិននិងពិធីចុះហត្ថលេខាជំនួយយោធាឥតសំណង មុននឹងធ្វើមាតុភូមិនិវត្តន៍ទៅកាន់សាធារណរដ្ឋប្រជាមានិតចិនវិញ។
ដោយឡែក អំឡុងទស្សនកិច្ច ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៨ នាយឧត្តមសេនីយ៍ ង៉ូ ស៊ុនលិច្ស នឹងមានកិច្ចប្រជុំទ្វេភាគីជាមួយសម្តេចពិជ័យសេនា ទៀ បាញ់ នៅវិមានមិត្តភាព។ បន្ទាប់ពីនោះ ភាគីទាំងពីរ នឹងមានពិធីចុះហត្ថលេខាលើពិធីសារ ស្តីពីផែនការកិច្ចសហប្រតិបត្តិការរវាងក្រសួងការពារជាតិទាំងពីរ កម្ពុជា-វៀតណាម ឆ្នាំ២០១៩។ គណៈប្រតិភូដឹកនាំដោយ នាយឧត្តមសេនីយ៍ ង៉ូ ស៊ុនលិច្ស នឹងចូលជួបសម្តែងការគួរសម សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាផងដែរ។
សម្រាប់ទស្សនកិច្ចរបស់ ឧត្តមសេនីយ៍ឯក ចាន់ សាម៉ន ចាន់ញ៉ាឡាត់ ពីថ្ងៃទី២៧ ដល់២៩ ខែធ្នូ ឆ្នាំ២០១៨ គណៈប្រតិភូនឹងចូលជួបសម្តែងការគួរសម សម្តេចពិជ័យសេនា ទៀ បាញ់។ បន្តមកទៀត គណៈប្រតិភូដឹកនាំដោយឧត្តមសេនីយ៍ឯក ចាន់ សាម៉ន ចាន់ញ៉ាឡាត់ នឹងចូលជួបសម្តែងការគួរសម សម្តេចតេជោ ហ៊ុន សែន នៅវិមានសន្តិភាព។ គណៈប្រតិភូដឹកនាំដោយ ឧត្តមសេនីយ៍ឯក ចាន់ សាម៉ន ចាន់ញ៉ាឡាត់ នឹងមានកិច្ចប្រជុំទ្វេភាគីជាមួយ រដ្ឋមន្រ្តីក្រសួងការពារប្រទេស នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ហើយភាគីទាំងពីរ ក៏នឹងមានចុះហត្ថលេខាលើពិធីសារស្តីពីផែនការកិច្ចសហប្រតិបត្តិការរវាងក្រសួងការពារប្រទេសទាំងពីរ ឡាវ-វៀតណាម ឆ្នាំ២០១៨ ផងដែរ៕