ក្រោយថៅកែបញ្ឈប់ថ្នាក់ដឹកនាំសហជីពកម្មកររោងចក្រប្រមាណ១០០នាក់ធ្វើកូដកម្ម

0

ភ្នំពេញ៖ កម្មកររោងចក្រប្រេស្ទីចហ្គាមេន ប្រមាណជិត១០០នាក់ស្ថិតនៅភូមិជីមៅ ឃុំត្បែង ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាលបាននាំគ្នាធ្វើកូដកម្ម តាំងពីព្រឹករហូតមកដល់រសៀលថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៨ នេះនៅមុខរោងចក្រ ដើម្បីទាមទារឲ្យថៅកែទទួលយកថ្នាក់ដឹកនាំសហជីពចូលធ្វើការវិញ និងទាមទារលក្ខខណ្ឌការងារ១០ចំណុច។
បើតាមកម្មករដែលធ្វើកូដកម្មនៅមុខរោងចក្របានប្រាប់ថា ក្រៅពីបញ្ឈប់ការងារដោយគ្មានហេតុផល ភាគីរោងចក្រក៏បានបង្ខិតបង្ខំ កេងប្រវ័ញ្ច និងដាក់សម្ពាធមកលើក្រុមកម្មករទើបពួកគាត់ធ្វើកូដកម្មប៉ុន្តែរហូតមកដល់រសៀលនេះ មិនទាន់មានការចុះអន្តរាគមន៍ ពីភាគីពាក់ព័ន្ធនៅឡើយទេ ។
លក្ខខណ្ឌការងារទាំង១០ចំណុចនោះ រួមមាន៖ ១.សូមឲ្យក្រុមហ៊ុនទទួលយកលោក ហួន សុវ៉ិត ប្រធានសហជីពចលនាកម្មករប្រចាំរោងចក្រចូលធ្វើការវិញ , ២.ក្រុមហ៊ុនត្រូវធ្វើកាតបេឡារបបសន្តិសុខសង្គម (ប ស ស) ឲ្យកម្មករ-កម្មការិនី , ៣.ក្រុមហ៊ុនមិនត្រូវកាត់លុយនៅពេលកម្មករដាក់ច្បាប់កន្លះថ្ងៃ ហើយមិនត្រូវកាត់លុយថ្លៃបាយកន្លះខែនោះទេ , ៤.នៅពេលកម្មករឈឺ មានសំបុត្រពេទ្យត្រឹមត្រូវ ក្រុមហ៊ុនត្រូវរក្សាប្រាក់ឈ្នួលដដែល , ៥.នៅពេលកម្មករមានធុរៈចាំបាច់ ក្រុមហ៊ុនត្រូវរក្សាប្រាក់ឈ្នួល និងអត្ថប្រយោជន៍ផ្សេងៗ , ៦.ក្រុមហ៊ុនមិនត្រូវបង្ខិតបង្ខំកម្មករធ្វើការលើសពីសមត្ថភាព , ៧.ក្រុមហ៊ុនត្រូវបើកប្រាក់ថ្លៃបាយ រៀងរាល់មួយសប្ដាហ៍ម្ដង , ៨.ក្រុមហ៊ុនត្រូវប្ដូរកិច្ចសន្យាពី២ខែ ទៅ ៦ខែវិញ , ៩.ក្រុមហ៊ុនមិនត្រូវបង្ខំកម្មករធ្វើការមុនម៉ោងជាដាច់ខាត និង១០.ក្រុមហ៊ុនមិនត្រូវរើសអើងថ្នាក់ដឹកនាំសហជីពចលនាកម្មករប្រចាំរោងចក្រ ៕