ចិននឹងបន្តគាំទ្រដល់ការអភិវឌ្ឍន៍នៅកម្ពុជាតាមលទ្ធភាពបន្ថែមទៀត

0

ភ្នំពេញ៖លោក ​វ៉ាង វិនធៀន (Wang Wentian) ឯក​អគ្គរដ្ឋទូតចិន ដែលទើបតែងតាំងថ្មី ប្រចំាកម្ពុជា បានអះអាងថា ប្រទេសចិន និងកម្ពុជា ជាមិត្តល្អដែលមានការយោគយល់ និងគាំទ្រគ្នាទៅវិញទៅមកដូច្នេះចិននឹងបន្តគំាទ្រដល់ការអភិវឌ្ឍនៅកម្ពុជាតាម លទ្ធភាពរបស់ខ្លួនទៀត។
លោក ​វ៉ាង វិនធៀន បានលើកឡើងបែបនេះ នៅពេលចូលជួបសម្តែងការគួរសមជាមួយ សម្តេច ហេង សំរិន ប្រធានរដ្ឋសភា នាព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៨ វិមានរដ្ឋសភា។ នេះបើយោងតាមគេហទំព័ររដ្ឋសភាជាតិ។

សម្តេចប្រធានរដ្ឋសភា បានកោតសរសើរ​ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ ស្ថានទូតចិន អតីតឯ​កអគ្គរដ្ឋទូតចិនមុនៗប្រចំាកម្ពុជា ក្នុងកិច្ចការទំនាក់​ទំនង ពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ។ ឆ្នាំ២០១៨នេះ ជាឆ្នាំខួបទី៦០ នៃទំនាក់ទំនងការ​ទូតជាប្រវត្តិសាស្រ្តរវាងកម្ពុជា-ចិន ដែលបាន​កសា​ង​ឡើងដោយ អតីតព្រះមហាវីរក្សត្រ ព្រះបរម​រតនកោដ្ឋ នរោត្តម សីហនុ និងអតីតប្រមុខដឹកនាំ​​មហាប្រទេសចិន។

សម្តេចបានគូសបញ្ជាក់ថាចាប់ពីឆ្នាំ២០១០មកទំនាក់ទំនងប្រទេសទំាងពីរបានឈានដល់កម្រិតជាប្រវត្តិសាស្រ្តមួយគឺកិច្ចសហប្រតិបត្តិការ ភាពជាដៃគូយុទ្ធ​សាស្រ្តគ្រប់ជ្រុងជ្រោយ ដែលបានកំពុងផ្តល់ផ្លែផ្កា​ជាក់ស្តែងលើគ្រប់​វិស័​យដល់សង្គមជាតិទាំងពីរ។
ជាការឆ្លើយតបលោក ​វ៉ាង វិនធៀន បានលើកឡើងថា ទំនាក់ទំនងកម្ពុជា ជាទំនាក់ទំនងអ្នកជិតខាង ជាទំនាក់ទំនងបងប្អូនមិត្តភក្តិយ៉ាងជិតស្និទ្ធ គោរព យោគយល់និងបានគំាទ្រគ្នាទៅវិញទៅមក។ប្រទេសចិនបានគំាទ្រដល់ការសម្រេចចិត្តរបស់កម្ពុជា គោរពបូរណភាពទឹកដី និងឯករាជ្យភាពរបស់ កម្ពុជា។
លោកទូត បានអះអាងថាលោកធ្លាប់បានមកទស្សនកិច្ចនៅកម្ពុជាក្នុងឆ្នាំ២០០០។ រយៈពេល១៨ឆ្នាំកន្លងមកនេះលោកបាន សង្កេតឃើញថា កម្ពុជាមានការអភិវឌ្ឍគួរឲ្យកត់ស​ម្គាល់ ក្រោមម្លប់ព្រះមហាក្សត្រ និងថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ព្រមទំាងសភា ដែលធ្វើឲ្យកម្ពុជា មានសុខសន្តិភាព។ សន្តិភាព និងការអភិវឌ្ឍបែបនេះ បានឆ្លុះបញ្ចំាងឲ្យឃើញនូវលទ្ធផលនៃការបោះឆ្នោតជ្រើសតំាងសមាជិករដ្ឋសភានីតិកាលទី៦ ដែលជាការសម្រេចចិត្តរបស់ពលរដ្ឋ។

សម្តេចហេង សំរិន មានជំនឿយ៉ាងមុតមាំថា ក្នុងអាណត្តិការទូតរបស់ឯកឧត្តមនឹងបន្តសហការជាមួយបណ្តាក្រសួង មន្ទីរ ស្ថាប័ននានា នៃព្រះរាជាណាចក្រ​កម្ពុជា ដើម្បីធ្វើយ៉ាងណាឲ្យស្មារតីមិត្តភាព សាមគ្គី​ភាព និងកិច្ចសហប្រតិបត្តិការវាងកម្ពុជា-ចិននេះ កាន់តែល្អ​ប្រសើរ និងស៊ីជម្រៅថែមទៀត។ ចំណែករដ្ឋសភាកម្ពុជាត្រៀមខ្លួនជាស្រេច ដើម្បីធ្វើកិច្ច​​សហ​ការ​​ពេញលេញ ដើម្បីឲ្យបេសកកម្មការទូត​របស់​លោកនៅកម្ពុជាទទួលបានជោគជ័យ ​៕